ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពកែសម្រួលលើទម្រង់១០២៨ និងឯកភាពលើទម្រង់បែបបទចំនួន១៥ទម្រង់ សម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពី គ.ជ.ប បានរៀបចំសេចក្តី ព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូនិងសម្ភារៈ ឯកសារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជាដើម។
ការកែសម្រួលខ្លឹមសារ និងឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ រួមមាន៖ លិខិតអញ្ជើញអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ឬ/និងទិន្នន័យជីវប្រវត្តិ, លិខិតអញ្ជើញសម្រាប់ការ ពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦, គំរូបញ្ជីបោះឆ្នោតផ្លូវការចុងក្រោយឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦, គំរូទម្រង់បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២៦ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៦ សម្រាប់បិទផ្សាយជាសាធារណៈ និងសម្រាប់ ដាក់ផ្សាយលើអាសយដ្ឋានវេប គ.ជ.ប។
គ.ជ.ប ក៏បានឯកភាពឱ្យប្រើលេខកូដការិយាល័យបោះឆ្នោតចំនួន៤ខ្ទង់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕
ដោយ ៖ សិលា










