ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង ទាំងអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញអណ្តាតភ្លើងឆាបឆេះចេញពីក្នុងរថយន្តមួយគ្រឿង រួចបន្តឆេះរាលដាលទៅលើរថយន្តក្បែរៗគ្នាយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរប្រជាពលរដ្ឋរស់នៅក្បែរខាងរួមទាំងម្ចាស់ទីតាំងផងបានទាញទុយយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចក៏នាំគ្នាទាក់ទងទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់ផងដែរ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ទឹកពន្លត់ចប់ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតរថយន្តមួយគ្រឿង ទូចំនួន៤ រួមទាំងសម្ភារៈនៅក្នុងឃ្លាំងនោះមួយចំនួនប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះកម្លាំងសមត្ថកិច្ចជំនាញនឹងស្រាវជ្រាវបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ










