ថៃ៖ ផ្លូវស្ដេចរាមាទី ២ ពិសេសតំបន់កើតមានហេតុការណ៍អកុសល កំពុងក្លាយជាឈ្មោះដែលបង្កភាពភ័យរន្ធត់ដល់អ្នកដំណើរ បន្ទាប់ពីគ្រោះមហន្តរាយបានកើតឡើងផ្ទួនៗគ្នា និងបានឆក់យកអាយុជីវិតមនុស្សស្រស់ៗ ហាក់បីដូចជាត្រូវ «បណ្តាសា» ឬ មាន«ព្រលឹងជើងកប» កំពុងរង់ចាំយាយីមិនឈប់ឈរ។
នៅព្រឹកមិញនេះ សារព័ត៌មានថៃបានចុះផ្សាយពីហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ចំណុចចំកន្លែងបាក់ដងស្ទូចស្ពានស្ដេចរាមាទី ២ ដែលបណ្ដាលឱ្យមនុស្ស២នាក់បានបាត់បង់ជីវិត ដោយហេតុការណ៍កើតឡើងរំលងគ្នាតែ ៣ ថ្ងៃពីហេតុការណ៍បាក់ស្រុតដី និងរំលងគ្នា ៥ ថ្ងៃពីហេតុការណ៍បាក់ដងស្ទូចជាលើកទី២នៅស្ពានស្ដេចរាមាទី ២។ ជាការកត់សម្គាល់ គ្រាន់តែក្នុងរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍រន្ធត់ៗទាំងពីរនៅកណ្តាលក្រុងបាងកក ស្រាប់តែម្សិលមិញនេះ ភាពភ័យខ្លាចថ្មីមួយទៀតបានកើតឡើង នៅត្រង់ចំណុចដែលទើបតែបាក់ដងស្ទូចកាលពី ៥ ថ្ងៃមុន ស្រាប់តែសុខៗឃើញមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងទ្រលោមពេញផ្ទៃមេឃ។
បើតាមជំនឿបែបអរូបិយដែលប្រជាជនថៃ និងខ្មែរតែងតែមានដូចគ្នានោះ តំបន់ដែលកើតគ្រោះថ្នាក់ដដែលៗក្នុងរយៈពេលខ្លីបែបនេះ ត្រូវបានគេជឿថាជាតំបន់ មានជើងកប ជាក់ជាមិនខាន ព្រោះតែមានព្រលឹងចងកម្មពៀរ ឬអ្នកស្លាប់ទាំងមិនទាន់អស់អាយុ ចាំឆក់យកជីវិតមនុស្សដើម្បីជំនួសកន្លែងខ្លួន ទើបខ្លួនអាចទៅចាប់ជាតិថ្មីបាន។
ប៉ុន្តែ ប្រសិនបើគេសន្និដ្ឋានមើលតាមបែបវិទ្យាសាស្ត្រ និងគិតគន់គូរពីហុងស៊ុយវិញ វាគឺជាសញ្ញានៃថាមពលអវិជ្ជមានដែលកំពុងតែចូលគ្របដណ្ដប់លើប្រទេសថៃ បណ្ដាលឱ្យកើតមានតែរឿងហេតុអកុសល ដូច្នេះបើថៃមិនចង់ឱ្យប្រទេសកាន់តែជួបរឿងអាក្រក់ៗ ថៃគួរបញ្ឈប់ការឈ្លានពានលើកម្ពុជា និងធ្វើពិធីបែបសាសនា សុំខមាទោសដោយចិត្តស្មោះចំពោះ ដូនតាខ្មែរ និងទសបារមី ថែរក្សាប្រាសាទបុរាណ ដែលថៃបានរំលោភបំពាន ប្រើអាវុធបាញ់ប្រហារដោយកម្រោលរហូតខូចខាតយ៉ាងដំណំ។
ត្រលប់មកករណីអគ្គិភ័យនេះវិញ អាជ្ញាធរនៅតំបន់ថា អគ្គិភ័យនេះកើតចេញពីការប៉ះទង្គិចប្រព័ន្ធ hydraulic បង្កឱ្យហៀរសាំង រួចក៏ឆេះឡើង។ ករណីដដែលៗកើតឡើងក្នុងរយៈពេលជាប់ៗគ្នា ធ្វើឱ្យពលរដ្ឋថៃចោទជាសំនួរ ថា៖ តើជាកម្សោយបច្ចេកទេសការពារសុវត្ថិភាពមែនឬយ៉ាងណា? បើទោះបីជាកន្លែងកើតហេតុទើបតែមានគ្រោះថ្នាក់បាក់ដងស្ទូចរួចហើយក៏ដោយ ហេតុអ្វីបានជាការគ្រប់គ្រងនៅទីនោះនៅតែធូររលុង រហូតបណ្តោយឱ្យមានអគ្គិភ័យកើតឡើងបន្ថែមទៀត?
ការដែលបណ្តោយឱ្យផ្លូវរាមាទី ២ ក្លាយជាផ្លូវដ៏គ្រោះថ្នាក់ ឬផ្លូវមរណៈបែបនេះ គឺជាការបង្ហាញពីភាពបរាជ័យទាំងស្រុងនៃក្រសួងដឹកជញ្ជូន និងរដ្ឋាភិបាលថៃក្នុងការធានាសុវត្ថិភាពសាធារណៈ ដែលមានបក្សភូមិចៃថៃ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទិន ធ្វើការអសមត្ថភាពអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ប្រជាពលរដ្ឋថៃបានរិះគន់ថា បើកន្លែងបាក់ដងស្ទូច នៅតែអាចឆេះបានទៀត នោះមានន័យថា ថ្នាក់ដឹកនាំគ្រប់គ្រងការដ្ឋាននេះ កំពុងលេងសើចនឹងជីវិតប្រជាជនហើយ។
សូមជម្រាបថា ហេតុការណ៍ខាងលើនោះនៅមិនទាន់មានរបាយការណ៍ពីមនុស្សរងរបួស ឬមានគ្រោះថ្នាក់នៅឡើយទេ។ កន្លងមក ក្នុងហេតុការណ៍បាក់ដងស្ទូចជាលើកទី២ក្នុងទីក្រុងបាងកកនៅលើផ្លូវស្ដេចរាមាទី ២ បានបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ ២ នាក់ ស្លាប់ និងរថយន្ត ២ គ្រឿងរងការខូចខាតទាំងស្រុង៕
ដោយ៖ ជ្រោយពេជ្រ










