ភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថា អ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលីម្នាក់និងព្រះសង្ឃស្លៀក ពាក់ស៊ីវិលបាននាំគ្នាចូលក្លិប ហើយបានបើករថយន្តម៉ាក ឡិចស៊ីស 330 មួយគ្រឿងត្រឡប់ទៅវិញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកចូលផ្ទះលក់ហាងកាហ្វេមួយកន្លែង និងបុកខឿនដាំដើមឈើ បណ្ដាលឲ្យស្លាប់ចំនួន២អង្គ/នាក់ និងរងរបួសធ្ងន់ស្រាល២អង្គ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើត ឡើងនៅវេលាម៉ោង ៤ ទៀបភ្លើងថ្ងៃទី២១ខែមករា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវឧកញ៉ាឌីប៉ុក ក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតរួមមាន ១-ឈ្មោះសៀក តុន អាយុប្រមាណ៣០ឆ្នាំ ជាអ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលី ២-ឈ្មោះវ័ន ជាព្រៈសង្ឃ ។ ចំណែកព្រះសង្ឃ២អង្គទៀតដែលរងរបួសធ្ងន់និងស្រាលពុំទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២BG-៣២២៣ មួយគ្រឿងធ្វើដំណើរតាមវិថីឧកញ៉ាឌីប៉ុក ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាចំណុចអក្សរTរថយន្តពុំបានបត់ឆ្វេងឬបត់ស្ដាំឡើយគឺបើកត្រង់ទៅបុកចូលផ្ទះលក់កាហ្វេមួយកន្លែងខាងលើនិងបុកខឿនដាំផ្កា យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរួញមុខ និងបង្កឲ្យអ្នកជិះដែលគេអះអាងថាអ្នកបើកបរជាអ្នករៀបចំពិធីការនៅវត្តភ្នៀត និងព្រះ សង្ឃ១អង្គ ដែលស្លៀកពាក់ស៊ីវិលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ដោយឡែក២នាក់ទៀតដែលស្លៀកពាក់ស៊ីវិលដែលគេអះអាងជាព្រៈសង្ឃដូចគ្នាក៏បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះ។
តាម ព័ត៌មានឱ្យដឹងទៀតថា នៅក្នុងរថយន្តមានគ្នាចំនួន៤នាក់ដែលនៅក្នុងនោះមានម្នាក់ជាអ្នករៀបចំពិធីការនៅវត្តភ្នៀតសិម្ពលី និងបីនាក់ទៀតជាព្រះសង្ឃ ដែលបានដោះស្បង់ចីវរស្លៀកពាក់ស៊ីវិល ក្រោមការរៀបចំពីសំណាក់ពិធីការ ហើយបានបើករថយន្តម៉ាក់ឡិចស៊ីសមួយគ្រឿងខាងលើនាំគ្នា ចូលក្លឹបសប្បាយនៅពេលបើករថយន្តត្រឡប់ទៅវត្តវិញក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសតែម្ដង ។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញស្បង់ជីវរចំនួន២។
បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីវាស់វែងរួចស្ទូចយករថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចណ៍ ផ្លូវគោកដើម្បីដោះស្រាយ។
នៅព្រឹកនោះដែរគេឃើញមានព្រះសង្ឃ និងគណៈកម្មការវត្តក៏បាននាំគ្នានិងនិមន្តទៅសូត្រមន្តរៀបចំដឹកសពអ្នករៀបចំពិធីការ និងព្រះសង្ឃបញ្ជូនទៅធ្វើបុណ្យនៅវត្តភ្នៀតសិម្ពលីដែលស្ថិតនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕










