ក្រុមហ៊ុនសំណង់យក្សរបស់ម៉ាឡេស៊ី IJM ត្រូវបានស៊ើបអង្កេតលើការចោទប្រកាន់ពីការលាងលុយប៉ុន្មានថ្ងៃបន្ទាប់ពីការដេញថ្លៃទិញយកពីមហាសេដ្ឋី Jeffrey Cheah

ចែករំលែក៖

អាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្តើមស៊ើបអង្កេតលើក្រុមហ៊ុនសំណង់ IJM ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការលាងលុយ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះក្លាយជាគោលដៅនៃសំណើទិញយក ដោយក្រុមហ៊ុន Sunway របស់មហាសេដ្ឋី Jeffrey Cheah។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍មុននេះថា នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់របស់ IJM  និងទីប្រឹក្សាក្រុមហ៊ុនម្នាក់ ត្រូវបានកំណត់ជាគោលដៅនៃការស៊ើបអង្កេតក្នុងករណីនេះ។

ការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីការស៊ើបសួររបស់ ការិយាល័យស៊ើបអង្កេតបទល្មើសធ្ងន់ធ្ងរ  របស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងការសង្ស័យអំពីអំពើពុករលួយ និងការលាងលុយ ដែលភ្ជាប់នឹងប្រតិបត្តិការវិនិយោគមានតម្លៃរាប់ពាន់លានរីងហ្គិត ដែលពាក់ព័ន្ធនឹងបុគ្គលទាំងពីរ។ បច្ចុប្បន្ន គេជឿថា បុគ្គលទាំងពីរនេះកំពុងស្ថិតនៅក្រៅប្រទេស។

លោក Azam Baki ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានបញ្ជាក់ថា ការស៊ើបអង្កេតលើ IJM កំពុងដំណើរការ ហើយបានបន្ថែមថា ព័ត៌មានបន្ថែមនឹងត្រូវបង្ហាញនៅពេលករណីនេះមានការរីកចម្រើន។

ប្រភពមួយបានប្រាប់សារព័ត៌មានជាតិ Bernama ថា គណៈកម្មការនេះក៏កំពុងពិនិត្យការចោទប្រកាន់អំពីការបន្លំតម្លៃភាគហ៊ុន ដែលត្រូវបានរាយការណ៍ថាបានកើតឡើង ក្នុងអំឡុងពេល Sunway កំពុងដំណើរការទិញយក IJM។

កាលពីថ្ងៃចន្ទសប្ដាហ៍មុន Sunway បានប្រកាសពីកិច្ចព្រមព្រៀងជាប្រភេទ ភាគហ៊ុន និងសាច់ប្រាក់ មានតម្លៃលើស 11 ពាន់លាន រីងហ្គិតដើម្បីទិញយកក្រុមហ៊ុនសំណង់នេះ។

ក្រុមហ៊ុន Sunway ដែលមានអាជីវកម្មក្នុងវិស័យសំណង់ អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ ត្រូវបានគ្រប់គ្រងដោយលោក Cheah ដែលជាមហាសេដ្ឋីសម្បត្តិសុទ្ធប្រមាណ 4.5 ពាន់លានដុល្លារ តាមការវាយតម្លៃរបស់ Forbes។

ភាគហ៊ុនរបស់ IJM ភាគច្រើនកាន់កាប់ដោយវិនិយោគិនស្ថាប័ន ដឹកនាំដោយមូលនិធិប្រាក់សោធននិវត្តន៍ជាតិ Employees Provident Fund (EPF) ដែលកាន់កាប់ភាគហ៊ុន 16.8%។

ក្រុមហ៊ុនទាំងពីរត្រូវបានរាយឈ្មោះក្នុងបញ្ជី Fortune Southeast Asia 500 ដែលជាបញ្ជីក្រុមហ៊ុនធំបំផុតតាមប្រាក់ចំណូលនៅតំបន់នេះ។ Sunway ឈរលេខ 190 ជាមួយប្រាក់ចំណូល 1.7 ពាន់លានដុល្លារ ក្នុងឆ្នាំ 2024 ខណៈ IJM ឈរលេខ 228 ជាមួយប្រាក់ចំណូល 1.3 ពាន់លានដុល្លារ។

ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ នឹងបង្កើតក្រុមហ៊ុនមួយដែលមានតម្លៃទីផ្សាររំពឹងទុក 47.7 ពាន់លាន  រីងហ្គិតដែលនឹងធ្វើឲ្យវាក្លាយជាក្រុមហ៊ុនធំទី 8 នៅលើទីផ្សារភាគហ៊ុនម៉ាឡេស៊ី។

...

ប៉ុន្តែដំណឹងអំពីការស៊ើបអង្កេតបានធ្វើឲ្យភាគហ៊ុន IJM ធ្លាក់ចុះខ្លាំង។ ភាគហ៊ុនបានបើកការជួញដូរនៅតម្លៃ 2.50  រីងហ្គិតនៅថ្ងៃអង្គារ ធ្លាក់ចុះ 5.7% ពីតម្លៃបិទមុន 2.65  រីងហ្គិត ហើយកាលពីថ្ងៃចន្ទ វាបានធ្លាក់ចុះដល់ 16.4% តាមការរាយការណ៍របស់ The Edge Malaysia៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print