ភ្នំពេញ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូអញ្ជើញប្រគល់អំណោយសម្ដេចធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។
អំណោយជាគ្រឿងឧបភោគបរិភោគ,ភេសជ្ជ និងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) មានចំនួន ៣២ មុខ ។
មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិតបានពាំនាំប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។
ក្នុងនាមសម្តេចមហាបវរធិបតី និងក្នុងនាមគណ:ប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់ កណ្តាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសំដែងនូវការអរគុណ និងកោតសរសើរចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកដោយយោធាថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកមួយចំនួន បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសនោះផងដែរ លោកអគ្គនាយករង តំណាងលោកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់នូវអំណោយជាច្រើនជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងបានគោរពជូនពរសម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុចភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាណាញវាងវៃ និងជន្មាយុយឺនយូរ ដើម្បីដឹកនាំប្រទេសជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ឲ្យបានគង់វង់ជានិច្ចនីរន្តន៍តរៀងទៅ ៕
ដោយ ៖ សិលា










