កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនជាង ១៦%

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ប្រមាណជិត ១៤ពាន់លានដុល្លារ។

យោងតាមរបាយការណ៍នាំចេញទំនិញសំខាន់ៗក្នុងឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់សម្រេចបានជាង ១១ពាន់លានដុល្លារ កើនឡើងជាង ១៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ជាង ៩.៧លានដុល្លារ។ ចំណែកការនាំចេញស្បែកជើងវិញ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើង២៤.៥៣% ខណៈការនាំចេញសម្ភារធ្វើដំណើរ និងកាបូប ទទួលបានចំណូលជាង ២ពាន់ដុល្លារ កើនឡើង៣.៨៧%។

ដោយឡែកនាំចេញទំនិញវាយនភណ្ឌ ទទួលបានទឹកប្រាក់ ៦៧៨លានដុល្លារ កើនឡើង៣៥.៨៦%​ បើធៀបនឹងកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ ៤៩៩លានដុល្លារ។

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ការនាំចេញកើនឡើងគួរឱ្យសម្គាល់នេះ ដោយសារកម្ពុជានៅតែរក្សាទីផ្សារល្អ សម្រាប់នាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ខណៈកម្ពុជាក៏បន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ពីបណ្តាប្រទេសមួយចំនួន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP ដែលជំរុញឱ្យការនាំផលិតផលទាំងនេះ មានកំណើនល្អ​។

លោកអ្នកឧកញ៉ា​ មានសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៦នេះ នាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ នឹងនៅតែរក្សានូវកំណើនល្អប្រសើរ បើទោះបីជាសេដ្ឋកិច្ចសកល ស្ថិតក្នុងភាពមិនប្រកដប្រជា ហើយសហរដ្ឋអាមេរិកដាក់ពន្ធ១៩%មកលើកម្ពុជាក៏ដោយ។ តែយ៉ាងណាមិញ ទីផ្សារនាំចេញ​ផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជា មិនមែនមានតែនៅសហរដ្ឋអាមេរិកនោះទេ កម្ពុជាក៏មាននាំចេញទៅបណ្តាប្រទេសផ្សេងទៀត ក្រោមប្រព័ន្ធអនុពន្ធ និងតាមរយៈកិច្ចព្រមព្រៀងនានាផងដែរ។

លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ មានប្រសាសន៍ទៀតថា «ចំពោះពន្ធបដិកា ១៩% ដែលយើងស្មើជាមួយវៀតណាម ថៃ យើងនៅតែមានភាពប្រកួតប្រជែងជាមួយវៀតណាម ថៃ ហើយយើងអាចប្រកួតប្រជែងលើសគេផង ព្រោះកម្លាំងពលកម្មយើងទាបជាងគេ ដែលធ្វើឱ្យយើងអាចប្រកួតប្រជែងបានទៅទីផ្សារអាមេរិក។ នៅឆ្នាំបន្តបន្ទាប់នៅតែមានការកើនឡើង ដែលយើងឃើញមានការចុះបញ្ជី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាដោយមានជាង ៦០០គម្រោង ដូច្នេះខ្ញុំគិតថា នៅឆ្នាំបន្តបន្ទាប់ នឹងមានកើនឡើងស្ទើរគ្រប់វិស័យមិនមែន តែវិស័យកាត់នោះទេ»។

ក្នុងពិធីបិទសន្និបាត បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ ​កាលពីដើមខែមករា ឆ្នាំ២០២៦ ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានលើកឡើងថា​ កម្ពុជានៅតែបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីផ្ដល់ការបញ្ចុះពន្ធគយបដិកាបន្ថែមទៀត ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះ អាចស្រូបទាញកម្លាំងពលកម្មច្រើន ជាពិសេសផ្តល់ឱកាសការងារយ៉ាងច្រើន ដល់ស្ត្រី និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។ វិស័យទាំងនេះ សហរដ្ឋអាម៉េរិកមិនមានតម្រូវការការពារឧស្សាហកម្ម នៅក្នុងប្រទេសរបស់ខ្លួននោះទេ។​

តែយ៉ាងលោកបានលើកឡើងថា កម្ពុជាមិនអាចពឹងផ្អែក តែលើវិស័យកាត់ដេរ-ស្បែកជើង និងសម្ភារធ្វើដំណើរនោះទេ​។ លោកបញ្ជា​ក់ថា កម្ពុជាសម្រេចបានជោគជ័យ ក្នុងការធ្វើពិពិធកម្មមុខទំនិញ ដោយពង្រីកការផលិត និងការនាំចេញកសិផលកែច្នៃ ឧស្សាហកម្មធុនស្រាល និងអេឡិចត្រូនិក ហើយបន្ថយការពឹងផ្អែកលើផលិតផលកាត់ដេរ និងវត្ថុធាតុដើមមិនទាន់កែច្នៃ។ ជាក់ស្តែងភាគរយ នៃការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ (GFT) បានថយចុះពី៩១% ក្នុងឆ្នាំ២០០០មក នៅប្រមាណ ៣៧.៨៩% ក្នុងឆ្នាំ២០២៥៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print