សហជីពកម្មកររបស់ក្រុមហ៊ុន Hyundai Motor នៅប្រទេសកូរ៉េខាងត្បូង បានព្រមានក្រុមហ៊ុនផលិតរថយន្តនេះនៅថ្ងៃព្រហស្បតិ៍ មិនឲ្យដាក់ពង្រាយរ៉ូបូត(មនុស្សយន្ត) ដោយគ្មានការយល់ព្រមពីសហជីពឡើយ ដោយអះអាងថា រ៉ូបូតទាំងនេះអាចនាំមកនូវ “ការប៉ះទង្គិចធ្ងន់ធ្ងរលើការងារ”។
ផែនការរបស់ Hyundai ក្នុងការដាក់ពង្រាយរ៉ូបូតរាងមនុស្សចាប់ពីឆ្នាំ 2028 បានជំរុញឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ប៉ុន្តែព័ត៌មាននេះមិនត្រូវបានស្វាគមន៍ដោយកម្មករឡើយ ដូចដែលសហជីពបានបញ្ជាក់ក្នុងលិខិតផ្ទៃក្នុងមួយ ដែលសារព័ត៌មាន Reuters បានពិនិត្យឃើញ។
សហជីពបានសរសេរថា៖
“សូមចងចាំថា បើគ្មានកិច្ចព្រមព្រៀងរវាងកម្មករ និងអ្នកគ្រប់គ្រង មិនអនុញ្ញាតឲ្យរ៉ូបូតណាមួយដែលប្រើបច្ចេកវិទ្យាថ្មី ចូលមកកន្លែងធ្វើការឡើយ”។
ក្រុមហ៊ុន Hyundai Motor Group បានបង្ហាញជាផ្លូវការនូវកំណែផលិតកម្មនៃរ៉ូបូតរាងមនុស្ស Atlas ដែលអភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Boston Dynamics នៅពិព័រណ៍ Consumer Electronics Show (CES) ក្នុងទីក្រុង Las Vegas នៅដើមខែនេះ។
ក្រុមហ៊ុនបាននិយាយថា មានគោលដៅសាងសង់រោងចក្រដែលអាចផលិតរ៉ូបូតបាន 30,000 គ្រឿងក្នុងមួយឆ្នាំ ត្រឹមឆ្នាំ 2028 ហើយគ្រោងនឹងដាក់ពង្រាយរ៉ូបូតរាងមនុស្សនៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ 2028 ជាមួយគោលបំណងពង្រីកការប្រើប្រាស់ទៅគ្រប់ទីតាំងផលិតកម្មទាំងអស់។
សហជីពក៏បានរិះគន់ក្រុមហ៊ុនផលិតរថយន្តនេះចំពោះការប៉ុនប៉ងផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិក ដោយអះអាងថា រោងចក្រថ្មីរបស់ Hyundai នៅរដ្ឋ Georgia កំពុងប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក និងគំរាមកំហែងដល់សុវត្ថិភាពការងារ នៅរោងចក្រចំនួនពីរនៅប្រទេសកូរ៉េ។
កាលពីឆ្នាំមុន Hyundai Motor ដែលរួមជាមួយក្រុមហ៊ុនសម្ព័ន្ធ Kia Corp ជាក្រុមហ៊ុនផលិតរថយន្តធំទីបីរបស់ពិភពលោកតាមបរិមាណលក់ បាននិយាយថា រោងចក្រនៅរដ្ឋ Georgia នឹងឈានដល់សមត្ថភាពផលិត 500,000 គ្រឿងក្នុងមួយឆ្នាំ ត្រឹមឆ្នាំ 2028 ខណៈក្រុមហ៊ុនកំពុងដោះស្រាយបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក៕










