ក្លឹប Real Madrid នៅតែរក្សាតំណែងជាក្លឹបបាល់ទាត់ដែលមានចំណូលខ្ពស់បំផុតនៅលើពិភពលោក ក្នុងរដូវកាល 2024-2025 ខណៈ Liverpool ជាលើកដំបូងបានក្លាយជាក្លឹបដែលរកចំណូលបានច្រើនបំផុតនៅ Premier League នេះបើយោងតាមបញ្ជីហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ក្លឹបយក្សអេស្ប៉ាញនេះ ឡើងឈរលើកំពូលតារាង Deloitte Football Money League ដោយរកចំណូលបាន 1.16 ពាន់លានអឺរ៉ូ (ប្រហែល 1.36 ពាន់លានដុល្លារ) ទោះបីមិនឈ្នះពាន LaLiga ឬ Champions League ក៏ដោយ។
ក្នុងរយៈពេលពីររដូវកាលចុងក្រោយ Real Madrid ជាក្លឹបតែមួយគត់ដែលរកចំណូលលើស 1 ពាន់លានដុល្លារ។ ក្នុងរដូវកាល 2024-2025 ចំណូលផ្នែកពាណិជ្ជកម្មរបស់ពួកគេកើនឡើងដល់ 23% ដោយសារការលក់ទំនិញ និងដៃគូអាជីវកម្ម ឡើងដល់ 594 លានអឺរ៉ូ បើយោងតាមទិន្នន័យរបស់ Deloitte។
គូប្រជែងធំនិងជាជើងឯក LaLiga បច្ចុប្បន្ន ក្លឹប Barcelona ឈរលេខ 2 ដោយមានចំណូល 975 លានអឺរ៉ូ និងបានត្រឡប់ចូលក្នុងកំពូលទាំង 3 ជាលើកដំបូងក្នុងរយៈពេល 5 ឆ្នាំ។
ជើងឯកអាល្លឺម៉ង់ Bayern Munich ឈរលេខ 3 ដោយមានចំណូល 861 លានអឺរ៉ូ ខណៈជើងឯក Champions League Paris St-Germain ឈរលេខ 4 ជាមួយ 837 លានអឺរ៉ូ។
Liverpool ឈរលេខ 5 ក្នុងតារាងពិភពលោក ដោយរកចំណូលបាន 836 លានអឺរ៉ូ ពីរដូវកាលដែលពួកគេឈ្នះ Premier League។ នេះជាសមិទ្ធផលខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ក្លឹបអង់គ្លេស ក្នុងប្រវត្តិសាស្ត្រ 29 ឆ្នាំរបស់តារាងនេះ។
Manchester City ធ្លាក់មកលេខ 6 ជាមួយ 829 លានអឺរ៉ូ បន្ទាប់មកគឺ Arsenal មេដឹកនាំ Premier League រដូវកាលនេះ ឈរលេខ 7 ដោយមានចំណូល 822 លានអឺរ៉ូ។
Manchester United ដែលបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់ទី 15 ក្នុង Premier League បានធ្លាក់ពីលេខ 4 មកលេខ 8 ដោយមានចំណូល 793 លានអឺរ៉ូ ដែលជាចំណាត់ថ្នាក់ទាបបំផុតរបស់ពួកគេ ក្នុងប្រវត្តិសាស្ត្រ Money League ដែលពួកគេធ្លាប់ឈរលេខ 1 រហូតដល់ 10 ដង។
សរុបមានក្លឹបពី Premier League ចំនួន 6 ចូលក្នុងកំពូល 10 ពិភពលោក ដោយ Tottenham ឈរលេខ 9 ជាមួយ 673 លានអឺរ៉ូ និង Chelsea ឈរលេខ 10 ដោយមានចំណូល 584 លានអឺរ៉ូ៕










