ខេត្តពោធិ៍សាត់៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង២០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល និងកម្លាំងប្រជាការពារឃុំរាំងទិល បានចុះល្បាតត្រួតពិនិត្យការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
របាយការណ៍របស់អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងទៀតថា លុះកម្លាំងល្បាតមកដល់ចំណុចបឹងផុង (ព្រៃរនាមក្រោម)ស្ថិតនៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រទះឃើញជនសង្ស័យ ២នាក់ កំពុងបើកបរម៉ូតូគួរឱ្យសង្ស័យ ស្របពេលនោះសមត្ថកិច្ចបានបញ្ជាឱ្យឈប់ រួចបានត្រួតពិនិត្យនិងឆែកឆេរលើរាងកាយជនទាំង២នាក់នោះឃើញថាមានជនសង្ស័យ១ម្នាក់ ឈ្មោះ អោម ពិសី(ម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ជាប់នឹងខ្លួន ។
រីឯជនសង្ស័យម្នាក់ទៀតឈ្មោះនុត សេងឈី (ប៉ាវ)ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាអ្នករួមដំណើរជាមួយជនសង្ស័យ និងដក ហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង,បំពង់កែវជ័រសម្រាប់ជក់គ្រឿងញៀនចំនួន១ដើម,ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខបាត់ដំបង- 1X-1995ចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀងដើម្បីបំពេញបែបបទតាមនីតិវិធី៕










