ខេត្តកំពង់ចាម÷ មន្ត្រីជលផលបានឲ្យដឹងនៅថ្ងៃទី២៣ ខែមករានេះថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២៦ នេះសហការជាមួយអាជ្ញាធរមូលដ្ឋានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បាន ៤ ករណីក្នុងភូមិសាស្ត្រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើ គឺខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្តៅជុំ និងប្រជាពលរដ្ឋឃុំផ្តៅជុំ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ៤ករណី ដោយរុះរើបំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់រួមមាន៖
ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់ -របាំងស្បៃមុងប្រវែង ៣៥៥ម៉ែត្រ -បង្គោលចំនួន ១១០ដើម -ចាក់លែងត្រីចម្រុះទម្ងន់០៧គីឡូក្រាម នៅចំណុចកំពង់រាំង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ករណីទី០២-រុះរើរបាំងផ្ជិតព្រែក(សាច់ស្បៃមុង) ចំនួន ០១កន្លែងប្រវែង ១៥ម៉ែត្រ-បង្គោលឫស្សីចំនួន ៣០ដើម -ឧបករណ៍លូស្បៃមុងចំនួន ០១មាត់ -ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម នៅចំណុចចុងព្រែកខ្លាកាទៀម ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ករណីទី០៣ -នេសាទដោយឧបករណ៍ឆក់ (ឆក់ត្រី) ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវវត្ថុតាងរួមមាន៖ -អាំងវែកទ័វម៉ាក (នាគឆ្លងដែន) ចំនួន ០១គ្រឿង -អាគុយកម្លាំង 120Ah ចំនួន ០១គ្រឿង -អាគុយកម្លាំង 70Ah ចំនួន ០២គ្រឿង នៅចំណុចក្រពើប្រជល់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ករណីទី០៤ -រុះរើរបាំងផ្ជិតព្រែក(សាច់អួន) ចំនួន ០៣ កន្លែង ប្រវែង៣៥ម៉ែត្រ -បង្គោលឫស្សីចំនួន ៧០ដើម នៅចំណុចអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
មន្ត្រីដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចជលផល និងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕










