ខេត្តតាកែវ៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានឱ្យដឹងថា ម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ក្នុងខេត្តតាកែវ ជិតសម្រេចបាន១០០%ហើយ ខណៈក្រុមការងារពន្លឿនការងារ ដើម្បីឈានសម្រេចតាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសរបស់អង្គភាព និងនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក ប៊ុន ហ៊ាន បានឱ្យដឹងថា ទំនប់អាងទឹកនឹងបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមអនុវត្តការងារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ការងារសំខាន់ៗ រួមមាន៖ ១.សាងសង់ទំនប់អាងទឹកកម្ពស់១២ម៉ែត្រ ទទឹងខ្នងទំនប់ប្រវែង១៤ម៉ែត្រ និងបណ្តោយប្រវែង១៣០ម៉ែត្រ និង២.សាងសង់សំណង់សិល្បការ្យសរុបចំនួន២កន្លែងគឺ សាងសង់សំណង់លូចំនួន១កន្លែង និងសំណង់បង្ហៀរចំនួន១កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៩0%៕










