ភ្នំពេញ ៖ រថយន្តម៉ាក ALPHARD មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់បានបោះពួយយ៉ាងលឿនហេីយរេចង្កូតទៅបុកខឿនផ្លូវហើយបន្តទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបណ្តាលឲ្យបាក់អស់មួយដើម ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ALPHARD ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BW-6898 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រេចង្កូតឡើងលើខឿនផ្លូវរួចបន្តល្បឿនទៅបុកបង្គោលស្លាកប៉ាណូដាក់ផ្សាយពាណិជ្ជកម្មបាក់អស់មួយដើម ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះអ្នកបើកបររថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










