ចេញពីគុកមិនរាងចាល! មុខសញ្ញាចាស់ខឹងរឿងទាត់ប៊ីដុងទឹកស្ទុះទៅកាប់មួយកាំបិតផ្គាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងកំពុងប្រើប្រាស់គ្រឿងញៀន បានផ្ទុះកំហឹងទាញកាំបិតផ្គាក់កាប់ទៅលើគូកនដែលលេងបៀរភ្នាល់ផឹកទឹកជាមួយគ្នា១កាំបិតពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីមានទំនាស់ពាក្យសម្ដីរឿងទាត់ប៊ីដុងទឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រ៉ា ឆៃ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុ (ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំពីបទជួញដូរគ្រឿងញៀន និងពិនិត្យទឹកនោមមានសារធាតុញៀនវិជ្ជមាន)។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡុញ ឡេវ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរជាកម្មករ ស្នាក់នៅភូមិឃុំជាមួយគ្នា។ វត្ថុតាងដែលដកហូតបានមានកាំបិតផ្គាក់ផ្លែដែកដងឫស្សីប្រវែង១ម៉ែត្រ។

លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ ទាំងជនរងគ្រោះនិងជន សង្ស័យបានអង្គុយលេងបៀរភ្នាល់ផឹកទឹកនៅលើផ្ទះអ្នកភូមិម្នាក់។ លុះបន្តិចក្រោយមក ជនរងគ្រោះបានក្រោកឈរបម្រុងទៅបត់ជើងតូចក៏បានយកជើងទាត់ប៊ីដុងទឹកសុទ្ធលេង។ ឃើញដូច្នោះជនសង្ស័យក៏និយាយថា «បងឯងទាត់ទៅទាត់មកអញ្ចឹងដូចទាត់ក្បាលអញអញ្ចឹង»។ គ្រាន់តែឮសម្ដីនេះភ្លាម ជនរងគ្រោះខឹងយ៉ាងខ្លាំងក៏ស្ទុះទៅដាល់ជនសង្ស័យចំនួន៤ទៅ៥ដៃ ធ្វើឲ្យជនសង្ស័យទប់កំហឹងមិនបានក៏ទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះពីក្រោយមួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យដើរគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។ ដោយឡែកចំពោះជនសង្ស័យ កម្លាំងប៉ុស្តិ៍បានសហការជាមួយប្រជាការពារធ្វើការស្រាវជ្រាវរហូតដល់ម៉ោង២២និង២០នាទីយប់ថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនបានសម្រេច ក្រោយពីជនសង្ស័យព្រមទម្លាក់អាវុធ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print