ខេត្តព្រះសីហនុ: អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញ
សេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនបរទេសពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ទម្ងន់សរុបជាង ៦គីឡូក្រាមកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុង សង្កាត់លេខ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។
ដើមហេតុនៃការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នេះ, បានផ្តើមចេញ ពីហេតុការណ៍ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០ និង ២០នាទី យប់រំលងអាធ្រាត្រ ដែល មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា “នៅចំណុចម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ហើយភាគីរថយន្តម្ខាង បានផ្ទុះ អាវុធចំនួន ២គ្រាប់ រួចក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់អស់” ។ ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ១/ឈ្មោះ SUN HAO RAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន, ២/ឈ្មោះ LIN CHING YAO ហៅ LIN JING YAO ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) និង ៣/ឈ្មោះ LI CHENG CHIA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) ប្រគល់ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រមទាំងឆែកឆេរដកហូតបានវត្ថុតាងចាប់យក សង្ស័យជាសារធាតុញៀន ទម្ងន់សរុប ៦.០៥៨,២៦ក្រាម ឬ ៦គីឡូ ៥៨,២៦ក្រាម ក្នុងនោះសារធាតុញៀនប្រភេទកេតាមីន (K) សរុបទម្ងន់ ២.៩៩៧ក្រាម ឬ ២គីឡូ ៩៩៧ក្រាម និង វត្ថុចាប់យកផ្សេងទៀត (តម្រុយពុំទាន់ច្បាស់លាស់) សរុបទម្ងន់ ៣.០៦១,២៦ក្រាម ឬ ៣គីឡូ ៦១,២៦ក្រាម ។
ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន ៣នាក់ ១/ឈ្មោះ SUN HAO RAN, ២/ឈ្មោះ LIN CHING YAO ហៅ LIN JINGYAO និង ៣/ឈ្មោះ LI CHENG CHIA ព្រមទាំងជនជាប់ពាក់ព័ន្ធមួយចំនួនទៀត ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤៨ កថាខណ្ឌទី១, ទី៣ និងកថាខណ្ឌទី ៦ ចំណុចទី ១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បញ្ជូនទៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៨៤ អ.យ.ឆ/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ










