ក្រុមជនសង្ស័យមួយក្រុមបានបើកការបាញ់ប្រហារនៅពហុកីឡដ្ឋានបាល់ទាត់មួយកន្លែងក្នុងរដ្ឋ Guanajuato ភាគកណ្តាលប្រទេសម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងរបួស ១២ នាក់ផ្សេងទៀត។
ក្រុមប្រដាប់អាវុធបានវាយលុកពហុកីឡដ្ឋាននៅថ្ងៃទី ២៥ ខែមករា បន្ទាប់ពីព្រឹត្តិការណ៍កីឡាមួយនៅក្នុងទីក្រុង Salamanca រដ្ឋ Guanajuato ហើយបានបើកការបាញ់ប្រហារដោយមិនរើសអើងទៅលើអ្នកដែលនៅសេសសល់ ដែលបង្កើតឱ្យមានឈុតឆាកដ៏ច្របូកច្របល់។
ការិយាល័យរដ្ឋអាជ្ញារដ្ឋ Guanajuato បាននិយាយថា “មនុស្ស ១០ នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ លើសពីនេះ មនុស្ស ១២ នាក់បានរងរបួសដោយសារការបាញ់ប្រហារដោយកាំភ្លើង និងកំពុងទទួលការព្យាបាល”។
អ្នកជំនាញផ្នែកកោសល្យវិច្ច័យបានប្រមូលសំបកគ្រាប់ជាង ១០០ គ្រាប់ពីកាំភ្លើងប្រភេទផ្សេងៗគ្នានៅកន្លែងកើតហេតុ ដែលបង្ហាញពីភាពឃោរឃៅរបស់ជនសង្ស័យ។
អាជ្ញាធរមូលដ្ឋានបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយដើម្បីតាមដានខ្មាន់កាំភ្លើង ប៉ុន្តែមិនទាន់បានចេញផ្សាយព័ត៌មានអំពីជនសង្ស័យនៅឡើយទេ។
រដ្ឋ Guanajuato គឺជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើន និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប៉ុន្តែវាក៏មានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅក្នុងប្រទេសម៉ិកស៊ិកដោយសារតែសង្គ្រាមទឹកដីដែលទាក់ទងនឹងក្រុមក្មេងទំនើង។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីដើមខែនេះថា អត្រាឃាតកម្មរបស់ប្រទេសម៉ិកស៊ិកក្នុងឆ្នាំ 2025 បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោកស្រី៕
រូបថត: X










