ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាស បានកើនឡើងដល់ ៦១៥០ដុល្លារក្នុងមួយតម្លឹង នៅលើទីផ្សារកម្ពុជា។ បើទោះបីជាតម្លៃមាសកើនឡើងដល់ជាង ៦០០០ដុល្លារក្នុងមួយតម្លឹងក៏ដោយ ប៉ុន្តែនៅតាមបណ្តាហាងលក់មាសខ្លះមិនបានស្ងាត់នោះទេ ដោយនៅតែមានអ្នកទៅទិញមាសទុកលក់ចំណេញ ដោយពួកគេរំពឹងថា តម្លៃមាសនឹងបន្តកើនឡើងថែមទៀត ព្រោះស្ថានភាពពិភពលោកស្ថិតក្នុងភាពមិនល្អប្រសើរ។
បើតាមការលើកឡើងពីក្រុមអាជីវករលក់មាសនៅតាមបណ្ដាផ្សារក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ មករានេះ សន្ទុះនៃអ្នកមកទិញមាសទុកបានកើនឡើងច្រើន សម្រាប់ទុកលក់ចំណេញ ដោយពួកគាត់រំពឹងថា តម្លៃមាសនឹងកើនឡើងថែមទៀតនៅពេលខាងមុខ។
អាជីវករដដែល បន្តថា៖«ថ្ងៃនេះអ្នកមកទិញច្រើន ប្រហែលភ្ញៀវដែលមកទិញមាសដុំច្រើនក្នុងអំឡុងពេលនេះ គាត់មើលហាងឆេងអន្តរជាតិ ដោយគាត់គិតថា អាចនឹងឡើងខ្ពស់ជាងនេះទៀត។ បើធៀបជាមួយនឹងកាលហាងឆេងឡើងដល់ ៥៩០ក្នុងមួយជី ភ្ញៀវបុកមកលក់ច្រើន តែពេលឡើងដល់ ៦០០ក្នុងមួយជីមិនសូវមានភ្ញៀវយកមកលក់ទេ ហើយម្សិលមិញឡើងដល់ ៦០៥ក្នុងមួយជីក៏អត់មានភ្ញៀវមកលក់ដែរ មានតែភ្ញៀវមកទិញ»។
ជាមួយគ្នានេះ ក្រុមអាជីវករខ្លះ ក៏បានលេីកឡេីងថា ខណៈមាសឡើងដល់ជាង ៦០០០ដុល្លារក្នុងមួយតម្លឹង មានអ្នកយកមកលក់ច្រើន។ តែយ៉ាងណាក៏នៅតែមានអ្នកមកទិញគួរឱ្យកត់សម្គាល់ ដើម្បីទុកលក់ចំណេញនៅពេលខាងមុខ។
ដោយឡែកអ្នកតាមដានតម្លៃហាងមាស នៅលើទីផ្សារអន្តរជាតិ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ច នៃក្រុមហ៊ុន GFGI បានឱ្យដឹងថា តម្លៃមាសក្នុងទីផ្សារ កំពុងស្ថិតក្នុងនិន្នាការកើនឡើង ដែលការកើនឡើងនេះ កើតឡើងគឺដោយសារវិនិយោគិនមានការបារម្ភពីអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយសកល។
ជាមួយគ្នានេះ មានកត្តាផ្សេងៗដែលកំពុងមានឥទ្ធិពលលើមាសក្នុងពេលនេះ ដូចជា គោលនយោបាយរូបិយវត្ថុរបស់អាមេរិក (Fed)ដោយសារការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក ជាកត្តាជំរុញឱ្យតម្លៃមាសឡើងថ្លៃ។ នៅពេលអត្រាការប្រាក់ចុះថោក ប្រាក់ដុល្លារអាមេរិកចុះខ្សោយ ដែលធ្វើឱ្យមាសមានភាពទាក់ទាញជាងមុន។
ទន្ទឹមគ្នានេះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ក៏ជាកត្តាដែលជះឥទ្ធិពលដល់ការកើនឡើងតម្លៃផងដែរ។ លោកបានពន្យល់ថា «ដូចដែលយើងបានពិភាក្សាពីមុន អស្ថិរភាពរវាង អាមេរិក-អ៊ីរ៉ង់ និងជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឱ្យវិនិយោគិនសម្រុកទិញមាសទុក ដើម្បីការពារហានិភ័យពីសង្គ្រាម»។
លោកបន្តថា កត្តាមួយទៀតគឺ អតិផរណាសកល។ បើទោះបីជាអតិផរណានៅប្រទេសមួយចំនួនមានការថយចុះ ប៉ុន្តែតម្លៃទំនិញប្រើប្រាស់នៅតែខ្ពស់ ដែលធ្វើឱ្យមាសត្រូវបានគេប្រើប្រាស់ជាឧបករណ៍សម្រាប់ការពារតម្លៃលុយ៕
ដោយ៖តារា










