សារព័ត៌មាន AFP ទី២៦ ខែមករា ឆ្នាំ២០២៦ បានផ្សាយថា នាថ្ងៃចន្ទនេះ មន្រ្តីជាន់ខ្ពស់នៃគណបក្សគាំទ្រដោយរបបយោធាមីយ៉ាន់ម៉ា បានប្រកាសថា បក្សរបស់ខ្លួន គឺជាអ្នកទទួលជ័យជម្នះ ខណៈការបោះឆ្នោតសកលបានបិទបញ្ចប់ ក្រោយប្រព្រឹត្តទៅ៣ដំណាក់កាល និងចំណាយពេលសរុប១ខែ។
មន្រ្តីគណបក្ស Union Solidarity and Development Party ហៅកាត់ USDP ដែលគេដឹងច្បាស់ថា ជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយោធាដែលកំពុងកាន់អំណាច បានអះអាងថា គណបក្សរបស់ខ្លួនឈ្នះអាសនៈច្រើន ហើយអាចបង្កើតរដ្ឋាភិបាលបាន។ មន្រ្តីដដែលនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ដោយសារត្រូវបានហាមឃាត់មិនឱ្យចែករំលែកលទ្ធផលបឋម បានបន្ថែមដូច្នេះថា «ស្របពេលដែលយើងឈ្នះការបោះឆ្នោត ពួកយើងនឹងបោះជំហានឆ្ពោះទៅមុខ»។
ការបោះឆ្នោតសកលជុំទី៣ ដែលជាជុំចុងក្រោយបង្អស់ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោងសាន ស៊ូជី។ របបសឹកបានអះអាងថា ការបោះឆ្នោតនឹងប្រគល់អំណាចត្រឡប់ទៅប្រជាជនវិញ ប៉ុន្តែលោកស្រី ស៊ូជី នៅតែបន្តជាប់ឃុំឃាំង ហើយគណបក្សដ៏មានប្រជាប្រិយរបស់លោកស្រី ត្រូវបានរំលាយចោល ខណៈក្រុមអ្នករិះគន់ បាននិយាយថា ការបោះឆ្នោតនេះ ពោរពេញដោយសម្ព័ន្ធមិត្តរបស់យោធា ដូច្នេះហើយ វាគ្រាន់តែបម្រើជាឧបករណ៍ ដើម្បីឱ្យយោធារក្សាអំណាចដោយស្របច្បាប់ប៉ុណ្ណោះ៕
រូបថត: TTXVN










