ខេត្តឧត្តរមានជ័យ៖ ក្រោយពីភ្លៀងធ្លាក់ផ្ទួនៗជាប់គ្នាទាំងយប់ទាំងថ្ងៃអស់រយៈ ពេល៤ថ្ងៃជាប់គ្នាបណ្ដាលឲ្យទឹកជំនន់បានជន់លិចទំនប់បឹងតាម៉ុក និងស្ពានអូរជីកនិងផ្លូវលំជាច្រើនខ្សែផ្សេងៗទៀតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះគេឃើញថា កម្ពស់ទឹកបាន និងកំពុងតែកើនឡើងខ្ពស់ជាបន្តបន្ទាប់និងកំពុងតែគំរាមកំហែងជន់លិចផ្លូវលំជាច្រើនខ្សែផ្សេងៗទៀតនៅក្នុងស្រុកនិងនៅតាម បណ្ដា ឃុំភូមិមួយចំនួន ។
រហូតមកដល់ពេលនេះការជន់លិចនិងការគំរាមកំហែងដោយសារទឹកជំនន់នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមិនបាន បង្កឲ្យមានផលប៉ះពាល់បំផ្លាញផលដំណាំទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ ដោយការជន់លិចនេះគឺបានកើតឡើងទៅលើតំបន់ណាដែលជាមុខទឹកដូចជានៅជាប់បឹងស្ទឹងនិងអូរជាដើមដែលជាតំបន់ស្តុកទឹកនិងផ្លូវទឹកហូរ ។
នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក សរ ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ និងក្រុមការងាររួមទាំងមន្ទីពាក់ព័ន្ធ ជុំវិញខេត្តបានចុះសួរសុខទុក្ខពលរដ្ឋនិងពិនិត្យមើលទឹកជំនន់នៅតាម បណ្ដាស្រុកផងដែរគឺនៅស្រុកអន្លង់វែង នៅស្រុកត្រពាំងប្រាសាទដែលជាតំបន់ទឹក ជន់លិច ៕
ដោយ៖ ប៉ែន នួន