រូបភាពដាក់ជើងទាំងពីរឡើងលើកន្លែងបញ្ជារថភ្លើងល្បឿនលឿន Shinkansen បានផ្សព្វផ្សាយពេញបណ្តាញសង្គមក្នុងរយៈពេលខ្លី ដោយមានការចែករំលែកជិត៨ពាន់នាក់ ។ រថភ្លើង Shinkansen ធ្វើដំណើរពី Kakegawa ទៅកាន់ Hamamatsu ហើយក្នុងពេលធ្វើដំណើរក្នុងល្បឿនលឿននោះ អ្នកបើកបរបែជាដាក់ជើងលើកន្លែងបញ្ជាទៅវិញ។
ក្រុមហ៊ុនផ្លូវដែក CJR ដែលគ្រប់គ្រងលើរថភ្លើង Shinkansen បានបញ្ជាក់ថា អ្នកបើកបរថភ្លើងមានអាយុ២៩ឆ្នាំ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយបានបញ្ជាក់ថា គាត់ដាក់ជើងបែបនេះប្រហែល១០វិនាទី ដោយសារតែចុកជើងខ្លាំងពេក។
អ្នកនាំពាក្យក្រុមហ៊ុនខាងលើបានឲ្យដឹងថា អ្នកដំណើរនៅលើរថភ្លើង ៣២០នាក់មិនជួបបញ្ហាអ្វីឡើយ ។ សូមបញ្ជាក់ថា រថភ្លើង Shinkansen បានបំពាក់ឧប្បករណ៍គ្រប់គ្រងស្វ័យប្រវត្តិ អាចកំណត់ល្បឿននិងរយៈចម្ងាយជាមួយរថភ្លើងផ្សេងទៀតដោយមិនចាំបាច់មានមនុស្សបញ្ជា។
ក្រុមហ៊ុន CJR បញ្ជាក់ថា សកម្មភាពខាងលើរបស់អ្នកបើកបរគឺពិតជាមិនសាកសម ហើយសន្យាថានឹងមិនឲ្យមានសកម្មភាពបែបនេះទៀតឡើយ។ អ្នកបើកបរខាងលើនឹងត្រូវពិន័យ ហើយផ្អាកការងាមួយរយៈ។
ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់រថភ្លើង Shinkansen ដំណើរការតាំងពីឆ្នាំ១៩៦៤ គឺជាដំណាងនៃឥទ្ធិពល និងបច្ចេកវិទ្យាជប៉ុន។ រថភ្លើងខាងលើបានដំណើរការជាយូរណាស់មកហើយតែមិនដែលមានគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្សនៅឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី