ខេត្តបាត់ដំបង៖ មន្រ្តីជំនាញដោះមីន នៅអង្គភាពស៊ីម៉ាកខេត្តបាត់ដំបងកាល ពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ ដំបងនាំគ្នាប្រុងប្រយ័ត្នពេលចូលទៅធ្វើ ចំការក្នុងតំបន់ដែលមិនទាន់មានការបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលគេសង្ស័យនៅសេសសល់កប់ក្នុង ដីតាំងពីសម័យសង្រ្គាម ។
ការអំពាវនាវនេះ ធ្វើឡើងនៅក្រោយពីមន្រ្តីជំនាញស៊ីម៉ាកបានរកឃើញគ្រាប់មីនតោនចំនួន២គ្រាប់និងគ្រាប់មីនធុនតូចចំនួន៤គ្រាប់កប់នៅ ក្នុងរណ្តៅដីចម្ការពោតរបស់ប្រជាពលរដ្ឋមួយកន្លែងក្នុងស្រុកសំពៅលូន ខេត្តបាត់ ដំបង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលពលរដ្ឋម្ចាស់ចំការតែងតែភ្ជួរដីធ្វើចម្ការច្រើនឆ្នាំមកហើយ ។ គ្រាប់មីនដែលប្រទះឃើញនេះត្រូវបានអង្គភាពស៊ីម៉ាក TSCលេខ២៣ ជាក្រុមតាមប្រមាញ់គ្រាប់មីនដោះចេញដោយសុវត្ថិភាពហើយមន្រ្តីជំនាញបានអះអាងថា គ្រាប់មីនតោន ប្រភេទមីនម៉ាកTM៤៦ផលិតក្នុងប្រទេសចិនប្រឆាំងរថក្រោះ និងគ្រាប់មីន៤គ្រាប់ ទៀតជាប្រភេទគ្រាប់មីនប្រឆាំងនឹងមនុស្ស ដែលអតីតកងទ័ពខ្មែរក្រហមកប់ក្នុងដីក្នុងសម័យសង្រ្គាមការពារទីតាំងដែលចំណុចបន្ទាយរឹងមាំរបស់កងទ័ពខ្មែរក្រហម ។
សូមបញ្ជាក់ថានៅខេត្តបាត់ដំបងក្នុង មួយរយៈចុងក្រោយនេះគេមើលឃើញថា ឧស្សាហ៍កើតមានករណីផ្ទុះគ្រាប់មីនតោនជាបន្តបន្ទាប់បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់និងរងរបួសច្រើននាក់ ខណៈដែលពលរដ្ឋទាំងនោះបានធ្វើដំណើរនិងបើកត្រាក់ទ័រភ្ជួរដីចម្ការក្នុងតំបន់ដែលមិនស្ថិតក្នុងការបោសសម្អាតមីនពីសំណាក់មន្រ្តីជំនាញ ។
សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី ដើមខែកញ្ញា ឆ្នាំ២០១៦មាន បុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ជិន កំសាន្ត អាយុ ៣៣ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើចម្ការរស់នៅភូមិបួរុណ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងបានស្លាប់ក្រោយពីជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការររបស់ ខ្លួនទៅជាន់មីនតោន ដែលកប់ក្នុងដីសេស សល់តាំងពីសម័យសង្រ្គាមក្នុងភូមិរស់នៅរបស់ជនរងគ្រោះនោះតែម្តង ៕
ដោយ៖ សំ វិច្ឆិកា