ខេត្តរតនគីរី៖ ទឹកនៅបឹងយក្សឡោមដែលធ្លាប់តែថ្លាឆ្វង់ដូចកញ្ចក់ បានប្រែទៅជាល្អក់ ចាប់តាំងពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។
យោងតាមការសន្និដ្ឋានបឋមពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តរតនគិរី ទឹកប្រែជាល្អក់នេះដោយសារបាតុភូតធម្មជាតិ ពោលមិនមែនបណ្តាលមកពីឈូសឆាយនៅក្បែរបឹងនោះទេ។ មន្រ្តីបញ្ជាក់ថាទៀត ទោះបីទឹកល្អក់ ប៉ុន្តែមិនបង្កឱ្យត្រីពុល ឬបង្កបញ្ហាសុខភាពដល់ពលរដ្ឋនៅតំបន់នោះឡើយ។
គួរជម្រាបជូនថា បើតាមលោក វេន ចឹ ជាអនុប្រធានគណៈកម្មាធិការទី១ របស់បឹងយក្សឡោម និងជាជនជាតិដើមភាគតិចទំពួន បានរៀបរាប់ថា តាមការសង្កេតទឹកនៅក្នុងបឹងយក្សឡោម មានការប្រែពណ៌ក្នុងរយៈពេល ២ទៅ ៣ឆ្នាំម្តង ពោលទឹកប្រែពណ៌នៅអំឡុងឆ្នាំ ២០០៩ ឆ្នាំ ២០១១ ឆ្នាំ២០២៥ និង ឆ្នាំ ២០២៦។ លោកបានរំលឹកថា ជារឿយៗឥទ្ធិពលនៃទឹកល្អក់ពេលខ្លះ បង្កបញ្ហាបណ្តាលឱ្យកំពឹស និងត្រីងាប់ ប៉ុន្តែលើកនេះពុំឃើញមានត្រីងាប់ដូចលើកមុនៗនោះទេ។
យ៉ាងណាមិញ តាមជំនឿរបស់ជនជាតិដើមភាគតិច លោក វេន ចឹ បានពន្យល់ថា ទឹកប្រែជាល្អក់នេះមានន័យថាលោកតាម្ចាស់បឹង បានបញ្ជូនសារមកដាស់តឿនឱ្យកូនចៅ អ្នកស្រុក អ្នកភូមិ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ផ្សេងៗ។ លោករៀបរាប់ថា៖«ជាក់ស្តែងនៅពេលនោះកើតមានជម្ងឺកូវីដ១៩ និងជំងឺផ្សេងៗបណ្តាលពលរដ្ឋឆ្លងជំងឺ និងមានករណីស្លាប់ជាដើម កើតគ្រោះទុរភិក្ស ឬគ្រោះថ្នាក់ផ្សេង»។
គួរជម្រាបថា បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉្លេះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែលបឹងនេះមានបរិមាត្រ ២ ៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ៕
ដោយ៖តារា










