ខេត្តមណ្ឌលគិរី÷ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃដែន ជម្រកសត្វព្រៃស្រែពកបានចុះល្បាត ត្រង់ចំណុចអូរតេ បានជួបប្រទះសត្វទន្សោងញីចំនួន០១ក្បាលដាច់ជើងស្តាំខាងក្រោយដោយសារជាប់អន្ទាក់ មានសភាពហូរឈាមធ្ងន់ធ្ងរនិងខ្សោយខ្លាំង ពុំអាចបម្លាស់ទីទៅកន្លែងផ្សេងបាន ដូចនេះក្រុមការងារព្យាយាមស្វះស្វែងរក មធ្យោបាយដើម្បីជួយសង្គ្រោះ។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានយករថយន្តទៅដឹកសត្វទន្សោងនោះ ប៉ុន្តែជាអកុសលសត្វ ទន្សោងនោះបានស្លាប់បាត់បង់ជីវិតទៅហើយនៅវេលាម៉ោង១០និង៣៥នាទីព្រឹក មុនក្រុមការងារសង្គ្រោះទៅដល់។ ដើម្បីចៀសវាងការឆ្លងរោគទៅសត្វទន្សោងនិងសត្វផ្សេងទៀតដែលកំពុងរស់នៅក្នុងព្រៃ ក្រុមការងារសម្រេចដឹកសាកសពសត្វទន្សោងមកកប់នៅក្បែរស្នាក់ការបរិស្ថានណាមរ៉ាម វិញ ដែលនៅពេលអនាគតវាបានន្សល់ទុកនូវ សំណាកគ្រោងឆ្អឹងដើម្បីជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះ។
យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិបានចែងថា ការចាប់ដោយដាក់អន្ទាក់ ខ្នារ អង្គប់ បន្តឹង លប់ បង្ក ឬដោយប្រមាញ់ដែលធ្វើឱ្យរបួស បំពុល សម្លាប់ ឬប្រមូលពងនិងកូនសត្វព្រៃគ្រប់ប្រភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសូមអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍ ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារ ធម្មជាតិ និងសាធារណជនទាំងអស់រួមគ្នាជួយថែរក្សាការពារសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ដើម្បីជា កេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់សត្វទន្សោងមេមួយក្បាលនេះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនប្រព្រឹត្តសកម្មភាពល្មើសច្បាប់ មន្ទីរបរិស្ថាននឹងធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក ជនប្រព្រឹត្តបទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕










