ខេត្តកណ្ដាល÷យុវតីម្នាក់ជាសិស្សសាលាប៊ែលធី បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើត ឡើងកាលពីថ្ងៃទី២៨ មករា ២០២៦ វេលាម៉ោង ៥និង ៣០នាទីល្ងាច នៅចំណុចមុខវត្តព្រែកហូរ (ផ្លូវជាតិលេខ ២) ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះគឺជាសិស្សសាលាប៊ែលធី ភេទស្រី (មិនទាន់ស្គាល់អត្តសញ្ញាណ) ជិះម៉ូតូម៉ាក Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1JM-1138។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅមុនពេលកើត ហេតុ ជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកិនបណ្ដាលឲ្យបាត់បង់ ជីវិតយ៉ាងអាណោចអាធម៌។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍វាស់វែង និងប្រកាសស្វែងរកសាច់ញាតិឲ្យមកទទួលយកសព។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់ទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕










