ខេត្តក្រចេះ ÷ មន្ត្រីនគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានចាប់ឃាត់រថយន្តឡិចស៊ីស១គ្រឿងដឹកសត្វព្រៃ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកសត្វព្រៃ ខាងលើគឺធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នៅចំណុចជិតរង្វង់មូលព្រាប ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះសមត្ថកិច្ចសម្រេចនាំយករថយន្តដឹកសត្វព្រៃខាងលើនេះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦នេះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាអ្នកបើកបរត្រូវបានគេដឹងថាជាឈ្មួញដែលសកម្មនៅក្នុងការប្រកបរបររកស៊ីជួញដូរសត្វព្រៃជាយូរណាស់មកហើយ ដោយនៅពេលកើតហេតុឈ្មួញរូបនេះបានប្រើប្រាស់រថយន្តម៉ាកឡិចស៊ីស
ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AH- 6553 ធ្វើសកម្មភាពដឹកជញ្ជូនសត្វព្រៃ រួមមានសត្វពង្រូល ពស់ និងសាច់សត្វឈ្លូស ចេញពីទីរួមស្រុកសំបូរក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែខណៈដែលកំពុងតែបើកបរចេញពីស្រុកសំបូរមកកាន់ខេត្តក្រចេះក៏មានសេចក្តីរាយការណ៍ទៅសមត្ថកិច្ចចេញអន្តរាគមន៍ចាប់ឃាត់បានភ្លាមៗនៅចំណុចទីតាំងខាងលើ។
ប្រតិបត្តិការនោះសមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកបើកបររថយន្តដឹកសត្វព្រៃ និងរឹបអូសរថយន្តរួមនឹងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទាំងយប់ ហើយនៅរសៀលថ្ងៃនេះ មន្ត្រីនគរបាលក៏បានប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើជាអ្នកកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។
ប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែមករាថា អ្នកបើកបរអាចនឹងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តម្រូវឲ្យបង់ផាកពិន័យមួយគុណនឹងបីនៃតម្លៃសាច់សត្វទាំងនោះ ។
ការជួញដូរសត្វពង្រូលនៅក្នុងប្រទេសកម្ពុជា គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដោយសារសត្វប្រភេទនេះត្រូវបានចាត់ថ្នាក់ក្នុង “ក្រុមមានដោយកម្រ”។ យោងតាមច្បាប់ស្តីពីព្រៃឈើ (ឆ្នាំ២០០២) ការជួញដូរនេះត្រូវប្រឈមមុខនឹងទោសទណ្ឌដូចខាងក្រោម៖
១. ទោសពន្ធនាគារ និងការផាកពិន័យ
យោងតាមមាត្រា ៩៦ នៃច្បាប់ស្តីពីព្រៃឈើ បទល្មើសប្រឆាំងនឹងសត្វព្រៃក្នុងក្រុមមានដោយកម្រ (ដូចជាសត្វពង្រូល) ត្រូវផ្តន្ទាទោសដូចខាងក្រោម៖ ទោសជាប់ពន្ធនាគារ៖ ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។
ការផាកពិន័យជាប្រាក់៖ ពី ១០ លាន ទៅ ១០០ លានរៀល។
វត្ថុតាង៖ រាល់វត្ថុតាងទាំងអស់ (សត្វពង្រូល សាច់ ស្រកា ឬ មធ្យោបាយដឹកជញ្ជូន) ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។
២. ករណីសកម្មភាពដដែលៗ (បទល្មើសមិនរាងចាល)
ប្រសិនបើបុគ្គលនោះធ្លាប់ប្រព្រឹត្តកំហុសនេះពីមុនមក ហើយនៅតែបន្តធ្វើទៀត ទោសនឹងត្រូវកើនឡើងទ្វេដង (យោងតាមមាត្រា ៩៧)៕










