ចិន៖ ប្រទេសចិន បានកំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះករណីមេរោគថ្មី ប្រភេ នីប៉ាស៍ បើទោះបីជាប្រទេសយក្សអាស៊ីមួយនេះ មិនទាន់មានករណីឆ្លងមេរោគនេះក៏ដោយ។ បច្ចុប្បន្ននេះ អាជ្ញាធរចិនគ្រប់ច្រក បានចាប់ផ្តើមវាយតម្លៃហានិភ័យ ពង្រឹងយន្តការត្រួតពិនិត្យ និង បង្កើនសមត្ថភាពធ្វើតេស្ត និង ការបណ្តុះបណ្តាលបុគ្គលិកជំនាញពាក់ព័ន្ធ។
យោងតាមរដ្ឋបាលចិន មេរោគនីប៉ាស៍ គឺជាភ្នាក់ងារបង្កជំងឺពីសត្វ ច្រើនផ្ទុះចេញពីផ្លែឈើដែលសត្វប្រចៀវបានខាំស៊ី និង ផ្ទុកមេរោគនៅក្នុងនោះហើយមនុស្សអាចឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលឆ្លង ឬដោយការបរិភោគអាហារដែលឆ្លងមេរោគជាមួយទឹកមាត់ ឬលាមករបស់វា។
មេរោគនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅប្រទេសម៉ាឡេស៊ី ហើយរីករាលដាលតាមរយៈជ្រូក និង ការប៉ះពាល់ពីមនុស្សទៅមនុស្ស។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគរួមមាន គ្រុនក្តៅខ្លាំង ពិបាកដកដង្ហើម វិលមុខ ក្អួត និងប្រកាច់៕
ដោយ៖តារា










