ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជារកចំណូលបានចំនួនជាង ១៣៣ លានដុល្លារ ពីការនាំចេញផ្លែស្វាយស្រស់ នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១០% ធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបានជិត ១៥០លានដុល្លារ។
បើតាមការបញ្ជាក់ពីលោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា ការនាំចេញផ្លែស្វាយស្រស់បានថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។
នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មផ្លែឈើ និងដំណាំរួមផ្សំនៅកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងធានានូសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។
ដោយឡែកនាយកប្រតិបត្តិនៃមជ្ឍមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល បានឱ្យដឹងដែរថា ផលិតកម្មស្វាយនៅកម្ពុជា មានលើសតម្រូវការប្រមាណ ១០ ដង ក្នុងមួយឆ្នាំ ខណៈអ្នកសល់ដីធំៗជាច្រើន តែងតែដាំស្វាយកែវរមៀត៕
ដោយ៖តារា










