ខេត្តសៀមរាប ៖ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីឆេះផ្ទះរបស់ អាជីវករ ជាច្រើនល្វែង នៅតាមផ្លូវលោកតាណើយ ខាងស្តុប៧ មករា ចម្ងាយប្រមាណ៤០ម៉ែត្រ ជាប់របងសាលាកុមារសុវណ្ណភូមិ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាល ពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី២៨ ខែមករា រហូតដល់វេលាម៉ោង ១ និង៥០ នាទីយប់ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ទើបសមត្ថកិច្ចពន្លត់អគ្គីភ័យនេះបានជួយបាញ់ពន្លត់ទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿង ។
ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅ ឡើយទេអំពីមូលហេតុ និងទំហំនៃការខូចខាតទ្រព្យ សម្បត្តិ របស់បងប្អូន អាជីវករ ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ។
តាមរយៈលេខទូរស័ព្ទបន្ទាន់ Hotline 1296 នាយប់ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ល្វែង ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវលោកតាណឺយ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។ ក្នុងករណីនេះ បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង ធ្វើឱ្យខូចខាត ផ្ទះល្វែងជួលជាន់ផ្ទាល់ដីសាងសង់ពីថ្មប្រក់ដំបូងស័ង្ហសី អស់ចំនួន១១ ល្វែង និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
សូមជម្រាបថា ក្នុងប្រតិបត្តិការណ៍ខាងលើ ក៏មានការចូលរួមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផងដែរ។
បើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕










