បើអ៊ីរ៉ង់មិនចង់រងការវាយប្រហារ គឺត្រូវតែចុះកិច្ចព្រមព្រៀង គ្មានអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៨ ខែមករា បានប្រាប់ឱ្យអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចា ហើយចុះកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើមិនចង់ទ្រោមខ្លួនទេនោះ។

លោក ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា «សង្ឃឹមថាអ៉ីរ៉ង់នឹងត្រឡប់មករកតុចរចាឆាប់ៗ ហើយចរចាលើកិច្ចព្រមព្រៀងមួយដ៏យុត្តិធម៌ និងស្មើភាព។ គ្មានអាវុធនុយក្លេអ៊ែរ ដែលនេះជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា»។ តាមលោក ត្រាំ ពេលវេលាសម្រាប់អ៉ីរ៉ង់ជិតអស់ហើយ ដូច្នេះអ៉ីរ៉ង់ត្រូវតែប្រញាប់សម្រេចចិត្ត បើពុំដូច្នោះទេអាចនឹងទ្រោមខ្លួនខ្លាំង ជាងមុនៗទៅទៀតពីការវាយប្រហារយ៉ាងដំំណំរបស់សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែអ៉ីរ៉ង់កាលពីថ្ងៃពុធផងដែរ បានអះអាងថាខ្លួនមិនបានស្នើសុំចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងព្រមានទៀតផងថានឹងធ្វើការសងសឹកយ៉ាងខ្លាំងក្លាបំផុតប្រឆាំងសហរដ្ឋអាមេរិក អ៉ីស្រាអែល ព្រមទាំងអ្នកដែលគាំទ្រប្រទេសទាំង២នេះ ក្នុងករណីមានការវាយប្រហារណាមួយលើអ៉ីរ៉ង់។
បើតាមក្រុមមន្ត្រីអាមេរិក លោក ដូណាល់ ត្រាំមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយថាតើគួរប្រើកម្លាំងយោធាលើអ៉ីរ៉ង់ ឬក៏យ៉ាងណានៅឡើយទេ ខណៈកងនាវាចម្បាំងអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយក្នុងសប្ដាហ៍នេះ។ លោក ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងវាយប្រហារលើអ៉ីរ៉ង់ ដើម្បីជួយក្រុមបាតុករអ៉ីរ៉ង់ បើទោះជាបាតុកម្មតវ៉ាបានស្ងប់ស្ងាត់ក៏ដោយ៕

...

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print