ខេត្តព្រះសីហនុ÷ ថ្ងៃទី៣០ មករា ឆ្នាំ២០២៦ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឃើញប្រភេទត្រីបាឡែន ១ក្បាលបានហែលនៅខាងមុខឆ្នេរតាបារាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចាត់តាំង លោក ញ៉ែម វណ្ណា នាយរងផ្នែកជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមអធិការកិច្ចជលផលខណ្ឌ ដើម្បីចុះពិនិត្យ និងជួយអន្តរាគមន៍។នៅ ពេលក្រុមការងារទៅដល់ទីតាំងនោះ ប្រភេទត្រីបាឡែនបានហែលចេញឆ្ងាយពីឆ្នេរទៅសមុទ្រក្រៅបាត់។
ខណៈនៃមន្ត្រីជលផល បានជួបសាកសួរព័ត៌មាន លោក ពូ បារាំង ម្ចាស់រីសតឆ្នេរ បានឱ្យដឹងថាត្រី បាឡែនបានឡើងឆ្នេរនៅពេលព្រឹក បន្ទាប់មកហែលដេញចាប់ចំណីតាមបណ្តោយខាងមុខឆ្នេរ ក៏បណ្តែតខ្លួនចេញក្រៅ។ តាមការអង្កេតរបស់គាត់ ត្រីបាឡែននោះមានប្រវែងប្រហែល១២ម៉ែត្រ ហើយមានសុខភាពល្អ ហើយនេះជាលើកទី១ ហើយដែលឃើញវត្តមានវានៅឆ្នេរនេះ។ ដើម្បីឱ្យប្រាកដត្រីបាឡែនមានសុវត្ថិភាព មន្ត្រីជលផលបានរងចាំអង្កេតនៅទីនោះរយៈពេល ៣ទៅ៤ម៉ោងទើបចាក ចេញពីឆ្នេរនោះ។
តាមការសន្និដ្ឋាននេះបណ្តាលមកពីតំបន់មានបរិស្ថានល្អ មានចំណីច្រើនសម្រាប់ប្រភេទបាឡែន ដូចជាគី កូនត្រីតូចៗ ធ្វើឱ្យវាតាមចាប់ចំណី៕










