កម្មកររោងចក្រម្នាក់ចាញ់បោកកន្លែងលក់ម៉ូតូមួយកន្លែង យីហោ «CHD Moto Shop» នៅម្ដុំរង្វង់មូលសំពៅមាស, ជនរងគ្រោះអំពាវនាវសុំលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួយអន្ដរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវ ចាញ់បោកកន្លែងលក់ម៉ូតូមួយកន្លែងយីហោ «CHD Moto Shop» នៅម្ដុំរង្វង់មូលសំពៅមាស ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមរូបភាពម្ចាស់ហាងយកម៉ូតូជាប់ក្នុងបញ្ជីបង់រំលស់ជាមួយក្រុមហ៊ុន ប៉ុន្ដែលក់ឲ្យជនរងគ្រោះទិញផ្ដាច់ រួចគេចវេសមិនទទួលខុសត្រូវ ធ្វើឲ្យក្រុមហ៊ុនបង់រំលស់ទាក់ទងមកជនរងគ្រោះ ដើម្បីឲ្យបំពេញកាតព្វកិច្ចបង់រំលស់។

យុវជនឈ្មោះ តុង ចាន់វ៉ា អាយុ២២ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញ បានប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះថា៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JS-7488 ក្នុងតម្លៃ២,១៧០ដុល្លារ (ទិញដាច់) ពីហាងលក់ម៉ូតូយីហោ «CHD Moto Shop»។

ជនរងគ្រោះបានបន្ដថា លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានលេខទូរស័ព្ទមួួយបានទាក់ទងមកខ្លួន ដោយអះអាងថា ជាបុគ្គលិកក្រុមហ៊ុនបង់រំលស់ឈ្មោះ ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន និងបានបញ្ជាក់ថា ម៉ូតូដែលជនរងគ្រោះកំពុងប្រើប្រាស់នេះ គឺជាប់ក្នុងបញ្ជីបង់រំលស់ជាមួយក្រុមហ៊ុន។ ក្រោយមកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ម្សិលមិញ ជនរងគ្រោះ និងបុគ្គលិក អាយលីស រ៉ូយ៉ាល់ ហ្វាយនែន ក៏បានទៅសួរនាំនៅហាងលក់ម៉ូតូដែលខ្លួនបានទិញ។

ហាងលក់ម៉ូតូខាងលើ បានសន្យាថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ឲ្យជនរងគ្រោះ យកម៉ូតូមកលក់ឲ្យខ្លួនវិញ ប៉ុន្ដែខាត២០០ដុល្លារ។ នៅពេលជនរងគ្រោះទៅដល់មុខហាងដែលបានទិញម៉ូតូនោះ ម្ចាស់ហាងមិនចេញមកជួប ហើយបានប្ដូរទីតាំងណាត់ជួប ទៅម្ដុំវត្តទួលទំពូងវិញ នៅពេលជនរងគ្រោះទៅដល់វត្តទួលទំពូង ស្រាប់តែម្ចាស់ហាងប្រាប់ឲ្យទៅកន្លែងទិញម៉ូតូម្ដុំរង្វង់មូលសំពៅមាសវិញ។ ពោលតាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃទី៣១ ខែមករានេះ គឺម្ចាស់ហាងបន្ដគេចវេសមិនទទួលខុសត្រូវនោះឡើយ។

មិនតែប៉ុណ្ណោះ កាលពីណាត់ជួបនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ម្សិលមិញ ម្ចាស់ហាងបានបោកបញ្ឆោតជនរងគ្រោះ ដើម្បីយកឯកសារទិញលក់ និងកាតគ្រីទៅបាត់ ដោយប្រាប់ហេតុផលថា ទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច។ ដូច្នេះហើយពេលនេះ ជនរងគ្រោះមិនមានឯកសារទិញលក់ជាប់នឹងខ្លួនឡើយ នៅសល់តែរូបថតដែលបានថតទុកប៉ុណ្ណោះ។

ជាមួយគ្នានេះ ជនរងគ្រោះបានស្នើសុំយ៉ាងទទូចដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីជួយអន្ដរាគមន៍ដោះស្រាយ ព្រោះខ្លួនជាកម្មកររោងចក្រមិនមានលទ្ធភាពដើម្បីតតាំងជាមួយម្ចាស់ហាងលក់ម៉ូតូដែលបោកប្រាស់ខ្លួននោះឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print