សាព័ត៌មាន AFP បានផ្សាយថានា ប្រមុខការទូតអ៉ីរ៉ង់បាននិយាយថា សមត្ថភាពមីស៉ីលនិងការពារជាតិនៃប្រទេសរបស់លោក នឹងមិនអាចយកទៅដាក់នៅលើតុចរចាដាច់ខាត ស្របពេលដែលភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានព្រមានគ្នាទៅវិញទៅមក ចាប់តាំងពីប្រធានាធិបតីអាមេរិក ដំបូងឡើយបានគំរាមធ្វើអន្តរាគមន៍យោធា ជុំវិញការបង្រ្កាបបាតុកម្មដ៏សាហាវ កាលពីពេលថ្មីៗនេះ ហើយបានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់តំបន់មជ្ឈិមបូព៌ា។
យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ហាក់បានបន្ថយកម្តៅភាពតានតឹងបន្តិចវិញ តាមរយៈការនិយាយថា រូបលោកសង្ឃឹមនឹងអាចចៀសវាងធ្វើសកម្មភាពយោធា ហើយលោកបើកចំហចំពោះការចរចាជាមួយអ៉ីរ៉ង់ ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ។
អំឡុងទស្សនកិច្ចនៅតួកគីយ៉េ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់ ត្រៀមជាស្រេចដើម្បីចាប់ផ្តើមការចរចា ប្រសិនបើវាប្រព្រឹត្តទៅដោយឈរលើគោលការណ៍ស្មើភាពគ្នា ផ្តល់ផលប្រយោជន៍រួម និងមានការគោរពទៅវិញទៅមក។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សមត្ថភាពការពារជាតិនិងមីស៉ីលរបស់អ៉ីរ៉ង់ មិនអាចក្លាយជាប្រធានបទសម្រាប់ចរចាដាច់ខាត។
បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ របស់សារព័ត៌មានអនឡាញអាមេរិក Axios ក្រុមមន្រ្តីអាមេរិកប្រកាន់ជំហរថា កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងតេហរ៉ង់ នឹងរួមមានលក្ខខណ្ឌកំណត់ចំនួនមីស៉ីលរយៈចម្ងាយឆ្ងាយរបស់អ៉ីរ៉ង់ ព្រមទាំងដករហូតសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវចម្រាញ់ ចេញពីប្រទេសអ៉ីរ៉ង់ ហើយហាមឃាត់អ៉ីរ៉ង់មិនឱ្យចម្រាញ់សារធាតុនោះ ដោយឯករាជ្យ។
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan ដែលមានវត្តមានអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Araghchi បានលើកឡើងថា ការចាប់ផ្តើមកិច្ចចរចាឡើងវិញរវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ គឺមានសារសំខាន់ជាខ្លាំង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ តួកគីយ៉េបាននិងកំពុងព្យាយាមជំរុញកិច្ចប្រឹងប្រែងការទូត ដើម្បីជួយសម្របសម្រួលរវាងអ៉ីរ៉ង់និងអាមេរិក៕










