កំណត់ត្រាពិភពលោកហ្គីណេសបានប្រកាសកំណត់ត្រាថ្មីចំនួន ២ សម្រាប់ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ ដែលត្រូវបានគេទទួលស្គាល់ថាមាន «ទេពកោសល្យស្នូកឃឺ» មកពីភាគខាងជើងប្រទេសអង់គ្លេស។
នៅអាយុ ២ ឆ្នាំ និង ៣០២ ថ្ងៃ កុមារា Jude Owens បានបង្កើតកំណត់ត្រាទាំងពីរនេះនៅទីក្រុង Manchester ក្នុងឆ្នាំ ២០២៥ ដោយក្លាយជាអ្នកលេងវ័យក្មេងបំផុតដែលអាចបុកគ្រាប់បាល់ ឱ្យប៉ះជញ្ជាំងហើយចូលឡូ (bank shot) បាន និងជាអ្នកលេងវ័យក្មេងបំផុតដែលអាចបុកបាល់ស្នូកឃឺតែម្តងធ្វើឱ្យចូលពីរគ្រាប់ក្នុងឡូផ្សេងគ្នា(double pot) បាន។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី ២៨ ខែមករា ឪពុករបស់ Jude គឺ លោក Luke Owens បាននិយាយថា កូនប្រុសរបស់គាត់មាន ទេពកោសល្យពីធម្មជាតិចំពោះកីឡាតុបាល់នេះតាំងពីអាយុ ២ ឆ្នាំ។
គាត់បានបន្ថែមថា «ក្រៅពីនេះ នៅពេលខ្ញុំបានបង្ហោះវីដេអូជាច្រើនទៅលើបណ្ដាញសង្គម ក៏មានសារព័ត៌មានធំៗជាច្រើនទាក់ទងមកយើង ដើម្បីសុំយកខ្លឹមសារទាំងនោះទៅប្រើផងដែរ»។
និពន្ធនាយកធំរបស់ Guinness World Records លោក Craig Glenday បានយល់ថាសមិទ្ធផលរបស់ Jude ពិតជាពិសេសខ្លាំងណាស់។
លោកបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា«ការបំបែកកំណត់ត្រា គឺជារឿងសម្រាប់មនុស្សគ្រប់រូប មិនថាមានអាយុប៉ុន្មានក៏ដោយ» ៕










