សារព័ត៌មាន Reuters មន្ត្រីអាមេរិកកាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈបាននិយាយថាសហរដ្ឋអាមេរិកបានប្រគល់ឱ្យវ៉េណេស៊ុយអេឡានូវប្រាក់ ៥០០លានដុល្លារដែលបានមកពីការលក់ប្រេង នៅក្រោមកិច្ចព្រមព្រៀងមួយរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោនកាលពីខែមករា។
តាមមន្ត្រីអាមេរិកខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទឹកប្រាក់ ២០០លានដុល្លារចុងក្រោយបំផុតបានមកពីការលក់ប្រេង ត្រូវបានប្រគល់ឱ្យវ៉េណេស៊ុយអេឡា។ កិច្ចព្រមព្រៀងនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធាមួយ បញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែមករា ជុំវិញការចោទប្រកាន់រត់ពន្ធគ្រឿងញៀន។ មន្ត្រីរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា «វ៉េណេស៊ុយអេឡាបានទទួលជាផ្លូវការនូវ ទឹកប្រាក់ទាំងអស់ ៥០០លានដុល្លារ ដែលបានមកពីការលក់ប្រេងដំបូងរបស់វ៉េណេស៊ុយអេឡា»។
កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សមាជិកសភាអាមេរិកថាការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការចាត់ចែង លក់ប្រេងវ៉េណេស៊ុយអេឡាគឺមានគោលដៅរយៈពេលខ្លីប៉ុណ្ណោះដើម្បីឱ្យវ៉េណេស៊ុយអេឡាមានស្ថិរភាព និងជួយសង្រ្គោះប្រជាជន ក៏ដូចជាជួយឱ្យរដ្ឋាភិបាលទីក្រុងការ៉ាកាស អាចបន្តធ្វើប្រតិបត្តិការ៕
រូបថត: Reuters










