កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំង ដែលត្រូវបាន ធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរ បង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំង ប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ ២០២៥។

កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែល បានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជា ការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។

...

ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះ ជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈ មធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោល ការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងឡើយ៕ដោយ​៖សិលា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print