ស្រ្តីមានទ្រព្យសម្បត្តិច្រើនជាងគេ ប្រាំ នាក់នៅអាស៊ី ក្នុងឆ្នាំ 2026

ចែករំលែក៖

ស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេ ប្រាំ នាក់នៅអាស៊ី មានទ្រព្យសម្បត្តិសរុបលើសពី 124 ពាន់លានដុល្លារអាមេរិក ដែលរួមមាន ជនជាតិឥណ្ឌា 1 នាក់ និង ជនជាតិចិន 4 នាក់។

1. Savitri Jindal

Savitri Jindal ជាជនជាតិឥណ្ឌា និងជានារីមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ី ដោយមានទ្រព្យសម្បត្តិ 36.5 ពាន់លានដុល្លារ តាមទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក។

លោកស្រីស្ថិតនៅចំណាត់ថ្នាក់ទី 56 ក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក។លោកស្រី ទ្រព្យសម្បត្តិកើនឡើង 3% បើប្រៀបធៀបនឹងខែមីនា ឆ្នាំមុន។

លោកស្រីជាប្រធានក្រុមហ៊ុន Jindal Group ដែលជាក្រុមហ៊ុនធំមួយ មានអាជីវកម្មផ្នែកដែកថែប អគ្គិសនី ស៊ីម៉ង់ត៍ និងហេដ្ឋារចនាសម្ព័ន្ធ។

បន្ទាប់ពីស្វាមីរបស់លោកស្រី O.P. Jindal បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆ្នាំ 2005 ក្រុមហ៊ុនត្រូវបានបែងចែកឲ្យកូនប្រុស ៤ នាក់ ដោយម្នាក់ៗគ្រប់គ្រងអាជីវកម្មរបស់ខ្លួនដោយឯករាជ្យ។

ទ្រព្យសម្បត្តិធំបំផុតរបស់ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយកូនប្រុសនៅទីក្រុង Mumbai គឺ Sajjan Jindal ខណៈដែលកូនប្រុសពៅ Naveen Jindal ដែលមានមូលដ្ឋាននៅទីក្រុង Delhi គ្រប់គ្រង Jindal Steel & Power។

 

2. Zheng Shuliang

Zheng Shuliang ជាជនជាតិចិន និងជានារីមានទ្រព្យសម្បត្តិច្រើនជាងគេទីពីរនៅអាស៊ី ដោយមានទ្រព្យសម្បត្តិ 32.7 ពាន់លានដុល្លារ។

លោកស្រីជាអនុប្រធានក្រុមហ៊ុន China Hongqiao Group ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំបំផុតមួយនៅចិន បង្កើតឡើងដោយស្វាមីរបស់លោកស្រី Zhang Shiping ដែលបានទទួលមរណភាពក្នុងឆ្នាំ 2019។

Zhang Shiping បានពង្រីក Hongqiao ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងអំឡុងយុគសម័យកែទម្រង់សេដ្ឋកិច្ច និងបើកទ្វារទៅក្រៅប្រទេស របស់អតីតមេដឹកនាំ Deng Xiaoping។

កូនប្រុសរបស់ពួកគេ Zhang Bo ជាប្រធាន និង CEO នៃ Hongqiao ដែលបានចុះបញ្ជីនៅហុងកុង ខណៈដែលកូនស្រី Zhang Hongxia ជាប្រធានក្រុមហ៊ុនវាយនភណ្ឌ Weiqiao Textile។

 

3. Zhong Huijuan

 

នារីជំនួញចិន Zhong Huijuan ជានារីមានទ្រព្យសម្បត្តិច្រើនជាងគេទីបីនៅអាស៊ី ដោយមានទ្រព្យសម្បត្តិ 19.9 ពាន់លានដុល្លារ កើនឡើងដល់ 89% បើប្រៀបធៀបនឹងខែមីនា ឆ្នាំមុន។

Zhong អាយុ 65 ឆ្នាំ ជាប្រធាន និង CEO នៃ Hansoh Pharmaceutical Group ដែលជាក្រុមហ៊ុនផលិតឱសថធំមួយនៅចិន ផ្តោតលើឱសថព្យាបាលជំងឺមហារីក ជំងឺប្រព័ន្ធប្រសាទកណ្តាល ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត។

ក្រុមហ៊ុនមានទីស្នាក់ការនៅទីក្រុង Lianyungang និងបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង។ Zhong និងគ្រួសាររបស់គាត់កាន់កាប់ភាគហ៊ុនភាគច្រើន។

កើតក្នុងឆ្នាំ 1961 លោកស្រីបានបញ្ចប់បរិញ្ញាបត្រគីមីវិទ្យាពីសាកលវិទ្យាល័យ Jiangsu Normal University នៅអាយុ 21 ឆ្នាំ ហើយធ្លាប់ជាគ្រូបង្រៀនមធ្យមសិក្សា។

នៅឆ្នាំ 1995 លោកស្រីបានចាកចេញពីការបង្រៀន ដើម្បីបង្កើតអាជីវកម្មឱសថផ្ទាល់ខ្លួន ជាមួយបុគ្គលិកត្រឹមតែ 10 នាក់ប៉ុណ្ណោះ។

អាជីវកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ 2019 ក្រុមហ៊ុនបានចូលផ្សារហ៊ុន ដោយប្រមូលប្រាក់បាន 1 ពាន់លានដុល្លារ និងធ្វើឲ្យ Zhong ក្លាយជានារីមានទ្រព្យសម្បត្តិច្រើនជាងគេដែលបង្កើតខ្លួនឯងនៅអាស៊ី ជាលើកដំបូង ជាមួយទ្រព្យសម្បត្តិ 10.5 ពាន់លានដុល្លារ។

 

4. Kwong Siu-hing

 

នៅចំណាត់ថ្នាក់ទីបួន គឺ Kwong Siu-hing ជនជាតិចិន ដោយមានទ្រព្យសម្បត្តិ 18.1 ពាន់លានដុល្លារ កើនឡើង 44% បើប្រៀបធៀបនឹងឆ្នាំមុន។

ទ្រព្យសម្បត្តិលោកស្រីមានការកែប្រែច្រើនចាប់តាំងពីឆ្នាំ 2019 ដោយឡើងចុះចន្លោះពី 12 ពាន់លានដុល្លារ ដល់លើស 15 ពាន់លានដុល្លារ។

គាត់ជាភរិយាមេម៉ាយរបស់ Kwok Tak-seng សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties និងជាម្តាយរបស់ Walter, Thomas និង Raymond Kwok ដែលទាំងអស់គ្នាបានចូលរួមគ្រប់គ្រងក្រុមហ៊ុន។

 

5. Zhou Qunfei

 

ស្ថាបនិកក្រុមហ៊ុន Lens Technology គឺ Zhou Qunfei ស្ថិតនៅចំណាត់ថ្នាក់ទីប្រាំ ដោយមានទ្រព្យសម្បត្តិ 17.1 ពាន់លានដុល្លារ កើនឡើង 29% បើប្រៀបធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុនរបស់លោកជាអ្នកផ្គត់ផ្គង់កញ្ចក់សម្រាប់ស្មាតហ្វូន និងថេប្លេត ដល់អតិថិជនដូចជា Apple និង Samsung ហើយក៏ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីដូចជា Tesla និង BYD ផងដែរ។

...

Lens Technology បានចូលផ្សារហ៊ុន Shenzhen ក្នុងឆ្នាំ 2015 បន្ទាប់ពី Zhou បង្កើតក្រុមហ៊ុនបាន 22 ឆ្នាំ ហើយបានចុះបញ្ជីបន្ថែមនៅផ្សារហ៊ុនហុងកុង ក្នុងខែកក្កដា ឆ្នាំ 2025៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print