ភ្នំពេញ៖ រោងចក្រកាត់ដេរមួយកន្លែងដែលបង្កជាផ្សែង និងក្លិនមិនល្អរំខានដល់បងប្អូនប្រជាលរដ្ឋ ត្រូវបានអាជ្ញាធរចុះទៅពិនិត្យនិងណែនាំធ្វេីកិច្ចសន្យាបញ្ឈប់ដុតបង្ហុយផ្សែងតទៅទៀតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរោងចក្រមួយកន្លែង នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងករោម ខណ្ឌពោធិ៍សែនជ័យ។
អាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថា មានរោងចក្រកាត់ដេរមួយកន្លែង ដុតកំទិចក្រណាត់បង្ហុយផ្សែង និងក្លិនមិនល្អ រំខានដល់ការរស់នៅរបស់បងប្អូនរស់នៅជុំវិញ ក្រោមការចង្អុលបង្ហាញពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៖
លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារចម្រុះ សហការជាមួយមន្ទីរបរិស្ថាន ចុះត្រួតពិនិត្យរោងចក្រកាត់ដេរខាងលេីតែម្តង។
ក្រោយត្រួតពិនិត្យ អាជ្ញាធរបានកឃេីញថា ទីតាំងនេះពិតជាបង្កការបំពុលបរិស្ថាន និងទីតាំងនេះបានដុតកំទេចក្រណាត់ដុតក្នុងឡចំហាយ បណ្ដាលឱ្យផ្សែងហុយ និងសាយភាយក្លិនមិនល្អ មានវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
មិនមានច្បាប់អនុញ្ញាតសិប្បកម្ម និងច្បាប់បរិស្ថាន។
អាជ្ញាធរ បានធ្វើការណែនាំម្ចាស់ទីតាំង
-ត្រូវបញ្ឈប់ការដុតកំទេចក្រណាត់ ក្នុងឡចំហាយ។
-ត្រូវស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ។
-ត្រូវទទួលរងការផាកពិន័យតាមច្បាប់។
-ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និងសុំគោលការណ៍ថ្នាក់លើផ្អាកការធ្វើអាជីវកម្មជាបណ្ដោះអាស្នន។
រដ្ឋបាលខណ្ឌ នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងបរិស្ថានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច៕
ដោយ៖សុខាសែនជ័យ










