Walmart ឡើងដល់តម្លៃទីផ្សារ 1 ទ្រីលានដុល្លារ ឈរជាមួយក្រុមបច្ចេកវិទ្យាយក្សកំពូលៗ

ចែករំលែក៖

ក្រុមហ៊ុន Walmart  បានក្លាយជា ក្រុមហ៊ុនលក់រាយដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលឈានដល់តម្លៃទីផ្សារ 1 ទ្រីលានដុល្លារអាមេរិក កាលពីថ្ងៃអង្គារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើងជិត 26% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ធ្វើឲ្យ Walmart ចូលរួមជាមួយក្រុមកំពូលនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Nvidia និង Alphabet។

ការកើនឡើងរបស់ Walmart គួរឲ្យកត់សម្គាល់ ព្រោះក្រុមហ៊ុនអាចទាក់ទាញអតិថិជនដែលមានប្រាក់ចំណូលខ្ពស់ ដែលស្វែងរកតម្លៃសមរម្យ និងភាពងាយស្រួល ព្រមទាំងរក្សាអតិថិជនមូលដ្ឋានដែលមានប្រាក់ចំណូលទាប និងមធ្យមបានជោគជ័យ។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយ ភាគហ៊ុន Walmart បានកើនឡើងដល់ 468% លើសពីកំណើន 264% របស់សន្ទស្សន៍ S&P 500 ដែលមួយផ្នែកបណ្តាលមកពីយុទ្ធសាស្ត្រចម្រុះនេះ ដែលគូប្រជែងជាច្រើនមិនអាចអនុវត្តតាមបាន។

ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយ Walmart បានពង្រីកទីផ្សារលក់អនឡាញរបស់ខ្លួន ដល់ជាង 500 លានមុខទំនិញ, ដាក់ឲ្យប្រើសេវាដឹកជញ្ជូនក្នុង 1 ម៉ោង, បង្កើតសេវា Walmart+ ដើម្បីប្រកួតប្រជែងជាមួយ Amazon Prime, និងបង្កើតអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មមានតម្លៃ 4 ពាន់លានដុល្លារ ដែលបានជួយបង្កើនអត្រាចំណេញ។

សារៈសំខាន់បំផុត គឺ Walmart បានវិនិយោគយ៉ាងឆាប់រហ័ស និងធំទូលាយលើ បញ្ញាសិប្បនិម្មិត (AI) ដោយចំណាយប្រាក់រាប់ពាន់លានដុល្លារ លើការស្វ័យប្រវត្តិកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីផ្តល់ផលិតផលស្រស់ជាងមុន ពន្លឿនការដឹកជញ្ជូន និងបង្កើនភាពត្រឹមត្រូវក្នុងការព្យាករណ៍ស្តុក និងការស្វែងរក។ កត្តាទាំងនេះបានផ្តល់អត្ថប្រយោជន៍ប្រតិបត្តិការដល់ Walmart ដែលមានមូលដ្ឋាននៅទីក្រុង Bentonville រដ្ឋ Arkansas និងអាចឈ្នះការព្យាករណ៍ការលក់ក្នុងហាងដូចគ្នានៅសហរដ្ឋអាមេរិក បាន 15 ត្រីមាសជាប់ៗគ្នា។

ដោយសារ ក្នុងចំណោមប្រាក់ $4 ដុល្លារដែលចំណាយលើគ្រឿងទេសនៅសហរដ្ឋអាមេរិក មាន $1 ដុល្លារចំណាយនៅ Walmart ក្រុមហ៊ុនស្ថិតនៅក្នុងទីតាំងអំណោយផលមួយ នៅក្នុងបរិយាកាសសេដ្ឋកិច្ចដ៏លំបាក ដែលគ្រួសារប្រាក់ចំណូលទាប និងមធ្យមកំពុងរងសម្ពាធពីអត្រាអតិផរណា ទីផ្សារការងារធ្លាក់ចុះ ពន្ធនាំចូល និងភាពមិនប្រាកដប្រជាពីការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីៗនេះ។ កត្តាទាំងនេះធ្វើឲ្យយុទ្ធសាស្ត្រ “តម្លៃទាបជារៀងរាល់ថ្ងៃ” របស់ Walmart កាន់តែទាក់ទាញ។

ជោគជ័យនេះបញ្ចប់ដំណើរដ៏គួរឲ្យចាប់អារម្មណ៍របស់ Walmart ដែលបានបើកហាងដំបូងនៅ Rogers រដ្ឋ Arkansas ក្នុងឆ្នាំ 1962 ហើយបច្ចុប្បន្នមានហាង 4,600 ទីតាំង ទូទាំងសហរដ្ឋអាមេរិក។ Walmart បានចូលទីផ្សារហ៊ុនក្នុងឆ្នាំ 1970 ជាមួយតម្លៃ 16.50ដុល្លារ មុនពេលចុះបញ្ជីនៅផ្សារហ៊ុន New York ក្នុងឆ្នាំ 1972។ ក្រុមហ៊ុនបានចូលសន្ទស្សន៍ Dow Jones Industrial Average ក្នុងឆ្នាំ 1997 និងស្ថិតក្នុង S&P 500 អស់រយៈពេលយូរ។

 

សង្គ្រាមអាវុធ AI

Walmart បានចាប់ដៃគូជាមួយ OpenAI និង Google ដើម្បីបញ្ចូលឧបករណ៍ទិញទំនិញអនឡាញរបស់ខ្លួន ដោយផ្ទាល់ទៅក្នុង chatbot ស្វែងរករបស់ពួកគេ។ ការវិនិយោគ AI ទាំងនេះ មានគោលបំណងបិទគម្លាតជាមួយ Amazon ដែលបានចាប់ផ្តើមមុនជាមួយ chatbot Rufus ជាជំនួយការទិញទំនិញផ្អែកលើ GenAI។

Walmart បានចូលរួមជាមួយក្រុមហ៊ុនអាមេរិកដែលមានតម្លៃទីផ្សារ 1 ពាន់លានលានដុល្លារ ឬច្រើនជាងនេះ រួមមាន៖

...

Nvidia (4.5 ទ្រីលានដុល្លារ), Alphabet (4.1 ទ្រីលានដុល្លារ), Apple (3.9 ទ្រីលានដុល្លារ), Microsoft (3.1 ទ្រីលានដុល្លារ), Amazon (2.6 ទ្រីលានដុល្លារ), Meta (1.8 ទ្រីលានដុល្លារ), Broadcom (1.6 ទ្រីលានដុល្លារ), Tesla (1.6 ទ្រីលានដុល្លារ) និង Berkshire Hathaway (1 ទ្រីលានដុល្លារ)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print