ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីកើនឡើងសរុបចំនួន ១២៩៦៨ គ្រឿង ក្នុងនោះមានរថយន្តអគ្គិសនីចំនួន ៩០៦៥ គ្រឿង ទោចក្រយានយន្តចំនួន ៣២០៣ គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង។
អ្នកនាំពាក្យក្រសួងសារធាណការ និងដឹកជញ្ជូន លោក ផន រឹម បានមានប្រសាសន៍ថា បច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក។
គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសម្បូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។
អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឱ្យអ្នកវិនិយោគដែលកាន់អាជ្ញាបណ្ណផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនី សិក្សាលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ព្រមទាំងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាបន្ថែមទៀត៕
ដោយ៖តារា










