ខេត្តបន្ទាយមានជ័យ៖ ផ្ទៃដីចំនួន ៣៥ ១៦១ហិកតា ក្នុងខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ដោយទម្ងន់គ្រាប់ផ្លោង និងគ្រាប់បែកចង្កោមនៃសង្គ្រាមឈ្លានពានយោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ នេះបេីយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ។
ក្នុងឱកាសធ្វើបទបង្ហាញ អំពីផលប៉ះពាល់ គ្រាប់បែកអាវុធយុទ្ធភណ្ឌ ជាពិសេស គ្រាប់ ចង្កោម លើជនស៊ីវិល នៅទូទាំង ខេត្ដ បន្ទាយ មានជ័យ ដល់អ្នកសារព័ត៌មាន នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ ទីតាំង គ្រាប់បែកចង្កោម មិនទាន់ ផ្ទុះ នៅក្បែរ ទីស្នាក់ ការ សាលាស្រុក អូរជ្រៅ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា «ទំហំនៃសង្គ្រាមឈ្លានពានរបស់ថៃនេះ មានផ្ទៃដី ៣៥ ១៦១ហិកតា ដែលយើងបានស្រាវជ្រាវ និងកំណត់ផលប៉ះពាល់ជាក់ស្តែង ក្នុងប៉ះពាល់ផ្ទះសម្បែង ដីលំនៅឋាន និងដីស្រែ ចម្ការផងដែរ»។
លោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានបញ្ជាក់ថា មកដល់ពេលនេះមន្ត្រីស៉ីម៉ាក់ បានរកឃើញរណ្តៅគ្រាប់គ្រប់ប្រភេទនៅលើដីជាក់ស្តែងចំនួន ២ ៥០០ទីតាំង និងរកឃើញគ្រាប់គ្រប់ប្រភេទ នៅលើដីចំនួន ១៣៣គ្រាប់។ ក្នុងនោះបានរកឃើញគ្រាប់និងកប់ក្នុងដីចំនួន ១៣៩ទីតាំង ដែលមិនទាន់ផ្ទុះ។
ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានរៀបរាប់ថា ចាប់ពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៥ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ការរកឃើញគ្រាប់បែកចង្កោម ដែលផ្លោងដោយយោធាថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមានចំនួនច្រើន។ ប្រភេទគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅលើដីលំនៅឋាន ទីសាធារណៈ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវបានបាញ់ និងបំបែកចេញពីគ្រាប់ប្រភេទ M46 និង M85។
បើតាមមន្ត្រីជំនាញរូបនេះ, ផលប៉ះពាល់នៃគ្រោះថ្នាក់ពីសំណល់សង្រ្គាមដែលបង្កឡើងដោយយោធាថៃនេះ មានទំហំធំធេងដោយសារតែឥទ្ធិពលនៃការផ្ទុះ និងអម្បែងរបស់វាខ្លាំងជាងគ្រាប់មីនទ្វេដង។ ខណៈចំនួនគ្រាប់ដែលមិនទាន់ផ្ទុះ និងធ្លាក់រាយប៉ាយ នៅតាមទីតាំងជាច្រើនទៀត ក៏មិនទន់រកឃើញនៅឡើយ។ ជាមួយនឹងសកម្មភាពរុករកគ្រាប់បែកចង្កោមដែលយោធាថៃ បាញ់ស្រោចមកលើទឹកដីកម្ពុជា ត្រូវបានលោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា អះអាងថាកម្លាំងជំនាញស៊ីម៉ាក់ បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃ ដោយខ្លះត្រូវបានបន្សាប ប៉ុន្តែមានគ្រាប់បែកចង្កោមខ្លះ មានការផ្ទុះខ្លាំងមិនអាចបន្សាប។
មន្ត្រីស៊ីម៉ាក់ ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ក្នុងករណីប្រជាពលរដ្ឋជួបវត្ថុសង្ស័យនានា គឺកុំប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅកៀកបំផុត។ ជាមួយគ្នានេះ ក៏បានរំឭកដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានវិលត្រឡប់ចូលលំនៅឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់យោធាឈ្លានពានថៃ ត្រូវប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ៕
ដោយ៖តារា










