លោក ប៉ាង លីដា ប្តេជ្ញាចិត្តបន្តអនុវត្តការងារដោយឧត្តមគតិ “មន្ត្រីជាអ្នកបម្រើរាស្ត្រ” រក្សាភក្តីភាពចំពោះរាជរដ្ឋាភិបាល បន្តប្រើរូបមន្ត ស៤ ញញួរប្រជាពលរដ្ឋ និងការអនុវត្តគោលការណ៍ «ងើយស្កក ឱនដាក់គ្រាប់» ដើម្បីដណ្ដើមបេះដូងរាស្ត្រ

ចែករំលែក៖

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីថ្នាក់មូលដ្ឋាន។

លោកបានលើកឡើងពីផែនការនិងវិធានការចម្បងៗ ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជា ការរំដោះចិញ្ចើមផ្លូវ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការស្តារប្រព័ន្ធលូ និងប្រឡាយ ការប្រើប្រាស់កម្លាំងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងសមស្របតាមច្បាប់ ដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ជាពិសេសអ្នកថ្មើរជើង។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ប្រឡាយ និងប្រព័ន្ធលូ គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការបង្ហូរទឹក និងការពារការលិចលង់ ស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ។ ទោះយ៉ាងណា បញ្ហាប្រឈមនៅតែបន្តកើតមាន ដូចជា ការសាងសង់សំណង់រំលោភលើដីចំណីផ្លូវ និងមាត់ប្រឡាយ ការបិទមាត់លូ ការដាក់ផ្លាកពាណិជ្ជកម្មអនាធិបតេយ្យ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់សាធារណៈ។

លោកបានរំលឹកថា ការចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់តាមមហាវិថី និងផ្លូវជាតិ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានផ្តោតលើការដោះស្រាយឫសគល់នៃបញ្ហា រួមទាំងការរុះរើសំណង់រំលោភ ការស្តារប្រព័ន្ធលូ និងការកាត់បន្ថយមូលហេតុនាំឱ្យមានការលិចទឹករ៉ាំរ៉ៃ។

ក្នុងនោះដែរ លោកបានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដោយបញ្ជាក់ថា ការអនុវត្តច្បាប់ មិនអាចផ្អែកលើអំណាចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តដោយសិល្បៈនៃការបញ្ចុះបញ្ចូល ការសម្របសម្រួល និងការប្រើប្រាស់វិធីសាស្ត្រដែលមានមនុស្សធម៌ ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ជាពិសេស លោកបានលើកឡើងពីវប្បធម៌ឱនលំទោន និងការផ្តល់ពេលវេលាសមស្របឱ្យប្រជាពលរដ្ឋរុះរើសំណង់ដោយស្ម័គ្រចិត្ត ព្រមទាំងការអនុវត្តស្តង់ដារតែមួយដោយគ្មានការរើសអើង។ លោកក៏បានអនុវត្តយុទ្ធសាស្ត្រ «ស៤» រួមមាន ស្មោះត្រង់ ស៊ូ សម្របសម្រួល និងសមភាព ព្រមទាំងយុទ្ធសាស្ត្រ «ញញួរប្រជាពលរដ្ឋ» ដើម្បីជំរុញការចូលរួមពីមហាជន និងសហគមន៍។

នៅចុងបញ្ចប់ លោក ប៉ាង លីដា បានបញ្ជាក់ពីប្តេជ្ញាចិត្តបន្តអនុវត្តការងារដោយឧត្តមគតិ “មន្ត្រីជាអ្នកបម្រើរាស្ត្រ” រក្សាភក្តីភាពចំពោះរាជរដ្ឋាភិបាល បន្តប្រើរូបមន្ត ស៤ ញញួរប្រជាពលរដ្ឋ និងការអនុវត្តគោលការណ៍ «ងើយស្កក ឱនដាក់គ្រាប់» ដើម្បីដណ្ដើមបេះដូងរាស្ត្រ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា លោក​ លោកស្រី​ និងអង្គសន្និបាតទាំងមូល ដែលបានផ្តល់ការគាំទ្រ និងតាមដានបទបង្ហាញនេះ៕

...

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print