ប្រទេសចិនបានជំរុញឱ្យប្រទេសជប៉ុនឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន និងបន្តដើរលើមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព បន្ទាប់ពីនាយករដ្ឋមន្ត្រី Takaichi បាននិយាយថា លោកស្រីចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីទទួលស្គាល់កងកម្លាំងការពារខ្លួនរបស់ជប៉ុនយ៉ាងច្បាស់លាស់។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី 4 ខែកុម្ភៈ អ្នកយកព័ត៌មាន Sky News បានសួរថា៖ «សប្តាហ៍នេះ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae បាននិយាយថា លោកស្រីចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសដើម្បីទទួលស្គាល់កងកម្លាំងការពារខ្លួនរបស់ជប៉ុនយ៉ាងច្បាស់លាស់ ឬនិយាយម្យ៉ាងទៀតថា យោធា។ ការស្ទង់មតិបង្ហាញថា លោកស្រី Takaichi កំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីឈ្នះសំឡេងភាគច្រើន ហើយលោកស្រីមិនបានលាក់បាំងបំណងប្រាថ្នារបស់លោកស្រីក្នុងការពង្រឹងយោធាជប៉ុននោះទេ។ ពីទស្សនៈរបស់ប្រទេសចិន តើនេះមានន័យយ៉ាងណាចំពោះប្រទេសចិន និងតំបន់?»
ដើម្បីឆ្លើយតបទៅនឹងសំណួរនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា «បញ្ហារបស់ប្រទេសជប៉ុនដែលកំពុងស្វែងរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនបានទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីប្រទេសជិតខាងនៅអាស៊ី ក៏ដូចជាពិភពលោកទាំងមូល»។
លោក លីន បានជំរុញឱ្យប្រទេសជប៉ុនឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈពេលដែលបានលើកឡើងពីសកម្មភាពរបស់ប្រទេសជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី 2 ផងដែរ។
លោក លីន បានមានប្រសាសន៍ថា “យើងសូមជំរុញឱ្យភាគីជប៉ុនស្តាប់ការអំពាវនាវឱ្យមានសន្តិភាពពីប្រជាជនជប៉ុន បន្តដើរលើមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងទទួលបានការជឿទុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង”។
ថ្លែងនៅទីក្រុង Joetsu ខេត្ត Niigata នៅថ្ងៃទី 2 ខែកុម្ភៈ លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានមានប្រសាសន៍ថា លោកស្រីចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យកងកម្លាំងការពារខ្លួនរបស់ជប៉ុនត្រូវបានកំណត់យ៉ាងច្បាស់លាស់ថាជាអង្គការប្រដាប់អាវុធស្របច្បាប់៕
រូបថត: Reuters










