សារព័ត៌មាន AFP ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA បានឱ្យដឹងថា ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បានជួបជាមួយនាយកមកពីក្រុមហ៊ុនប្រេងអេស៉្បាញ Repsol និងក្រុមហ៊ុនប្រេងបារាំង Maurel & Prom នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ពោលគឺមួយខែបន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីប្រទេសអាមេរិកឡាទីនមួយនេះ គឺលោក Nicolas Maduro។
ក្នុងសេចក្តីថ្លែងការណ៍ចំនួន២ ក្រុមហ៊ុន PDVSA បាននិយាយថា លោកស្រី Rodriguez បានបើកកិច្ចជួបពិភាក្សាជាមួយក្រុមហ៊ុន Reposol ដើម្បីពង្រឹងអធិបតេយ្យថាមពលរបស់ប្រទេសវ៉េណេស៊ុយអេឡា តាមរយៈការគោរពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយជាមួយក្រុមហ៊ុន Maurel & Prom ដើម្បីពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្រ្ត ដែលធ្វើឱ្យសមត្ថភាពផលិតថាមពលរបស់វ៉េណេស៊ុយអេឡា កាន់តែរឹងមាំ។
ក្រុមហ៊ុនទាំងពីរខាងលើ ធ្លាប់ធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡាអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការបង្កើតអាជីវកម្មរួមជាមួយ ក្រុមហ៊ុន PDVSA ដោយមានរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ជាម្ចាស់ភាគហ៊ុនភាគច្រើន ហើយជាលទ្ធផលបានជួបបញ្ហារាំងស្ទះម្តងហើយម្តង ដោយសារតែទណ្ឌកម្មរបស់អាមេរិក។ ក្រោមសម្ពាធពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វ៉េណេស៊ុយអេឡា បានធ្វើកំណែទម្រង់វិស័យប្រេងរបស់ខ្លួន ដែលចាប់ផ្តើមបើកទ្វារចំហទទួលយកការវិនិយោគច្រើនជាងមុនពីបរទេស។
ដោយមានធនធានប្រេងស្តុកក្រោមដីច្រើនជាងគេបង្អស់លើពិភពលោក វ៉េណេស៊ុយអេឡា បច្ចុប្បន្នបានឈានដល់សមត្ថភាពផលិតប្រេង ១.២លានបារ៉ែនក្នុងមួយថ្ងៃ ដែលជាកំណើនដ៏ខ្ពស់មួយធៀបនឹង ៣០០ ០០០បារ៉ែលក្នុងមួយថ្ងៃ កាលពីឆ្នាំ២០២០ ប៉ុន្តែវានៅទាបឆ្ងាយ បើប្រៀបធៀបជាមួយ ៣លានបារ៉ែល ដែលសម្រេចបាន កាលពីអំឡុងពេលឈានចូលសតវត្សរ៍ទី២១៕










