ប្រធានាធិបតីអាមេរិកថា ផ្តល់អាទិភាពដល់ការទូត តែជម្រើសយោធានៅតែមាន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ បាននិយាយថាការទូតគឺជាជម្រើសទី១របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់ ហើយលោក នឹងរង់ចាំមើលថាតើកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់ឬក៏យ៉ាងណា ប៉ុន្តែក៏បានព្រមានដែរថារូបលោកមានជម្រើសយោធានៅក្នុងដៃ។
ការត្រៀមរៀបចំចុងក្រោយកំពុងដំណើរការសម្រាប់កិច្ចចរចានៅប្រទេសអូម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅចំពោះមុខការកើនឡើងភាពតានតឹងខណៈសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធា នៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ បានព្រមានថានឹងវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងទេនោះ។ សហរដ្ឋអាមេរិកកន្លងមកក៏បាននិយាយដែរថាខ្លួនចង់ពិភាក្សាជាមួយអ៉ីរ៉ង់ស្ដីពីឃ្លាំងមីស៊ីលរបស់អ៉ីរ៉ង់ និងបញ្ហាដទៃទៀត ប៉ុន្តែតេហេរ៉ង់ទទូចលើកិច្ចពិភាក្សាស្ដីពីកម្មវិធីនុយក្លេអ៊ែរ។ ដូច្នេះវាមិនទាន់ច្បាស់នៅឡើយទេថាតើការខ្វែងគំនិតគ្នាត្រូវបាន ដោះស្រាយរួចហើយឬក៏អត់ទេ?
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅពេលត្រូវបានសាកសួរពីកិច្ចចរចានៅអូម៉ង់ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ថា «ការទូតតែងតែជាជម្រើសទី១ របស់លោកប្រធានាធិបតី ត្រាំ នៅពេលដោះស្រាយជាមួយបណ្ដាប្រទេសទាំងអស់នៅជុំវិញពិភពលោក មិនត្រូវដោះស្រាយជាមួយសម្ព័ន្ធមិត្ត ឬក៏សត្រូវរបស់យើងនោះទេ»។ លោកស្រីបន្តថា «លោក ត្រាំ ចង់ឃើញការឈានដល់កិច្ចព្រមព្រៀងមួយ ហើយខ្ញុំក៏ចង់រំឮករបបដឹកនាំអ៉ីរ៉ង់ដែរថាលោកប្រធានាធិបតីមានជម្រើសជាច្រើននៅក្នុងដៃ ក្រៅពីការទូត»។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានចេញដំណើរឆ្ពោះទៅកាន់អូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ហើយអ្នកនាំពាក្យរបស់លោក គឺលោក Esmail Baghaei បាននិយាយថាទីក្រុងតេហេរ៉ង់សង្ឃឹមថាភាគីសហរដ្ឋអាមេរិកក៏នឹងចូលរួមក្នុងកិច្ចចរចាប្រកបដោយការទទួលខុសត្រូវ ប្រាកដនិយម និងប្រាកដប្រជា៕

...

រូប​ថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print