លោក សួស ប្រាថ្នា ៖ ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៧០ម៉ឺនសេវា

ចែករំលែក៖

ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលេីកឡេីងថា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ៧៨៨.១១៧សេវា មានការថយចុះ៤% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨១៩.៣០៦សេវា ហើយការថយចុះនេះ ដោយសារតែការបិទព្រំដែនជាឯកតោភាគីរបស់អាជ្ញាធរថៃ និងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាហេតុនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃមិនអាចផ្ដល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋបានក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃ។

ការលេីកឡេីងនេះ នាឱកាសអញ្ជើញផ្ដល់បទអន្តរាគមន៍ ស្ដីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងបទអន្តរាគមន៍នេះ លោកអគ្គនាយក បានផ្ដោតលើ ៤ចំណុចសំខាន់ៗ មានជាអាទិ៍ ទី១. សាវតារនៃការបង្កើត និងការដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត, ។
ទី២. វឌ្ឍនភាពការងារសំខាន់ៗរបស់អង្គភាពច្រកចេញចូលតែមួយដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងការធ្វើទំនើបកម្មប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ, ។
ទី៣. បញ្ហាប្រឈមជាសារវន្តក្នុងការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ,។
និងទី៤. ទិសដៅការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលនឹងបន្តអនុវត្ត ដើម្បីពង្រឹងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅទូទាំងប្រទេស។

ទន្ទឹមនេះ លោកអគ្គនាយក ក៏បានលើកឡើងពីចំណូលផងដែរ បើទោះបីជាចំនួនការផ្តល់សេវាមានការថយចុះក៏ពិតមែន តែសម្រាប់ឆ្នាំ២០២៥ ទទួលបានចំណូលសរុបចំនួន ១៤៦.២៤៤.៣៥០.០៦១រៀល ស្មើនឹង ៣៦.៥៦១.០៨៧ ដុល្លារសហរដ្ឋអាម៉េរិក គឺមានការកើនឡើង២៤% បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែចំនួន ១១៧.៣០៧.១០៣.០៧៦ រៀល។  លោកអគ្គនាយក បានគូសបញ្ជាក់ទៀតថា
តួលេខនេះ អាចឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពសេដ្ឋកិច្ច-សង្គម និងការប្រកបរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងនៅតែមានដំណើរការល្អជាប្រក្រតី បើទោះបីជា ប្រទេសកម្ពុជាបានទទួលរងនូវសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃនៅតាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួនក៏ដោយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print