ប្រទេសហ្វីលីពីន៖ លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាជាន់ខ្ពស់អាស៊ាន ស្ដីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ដែលរៀបចំដោយក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋហ្វីលីពីន នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
វេទិកាជាន់ខ្ពស់អាស៊ាននេះ មានគោលបំណងពិភាក្សាលើបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ ក៏ដូចជាការចែករំលែកនូវវឌ្ឍនភាព ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការរៀបចំការងារសមរម្យសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា ឱ្យមានភាពធន់ បរិយាបន្ន និងនិរន្តរភាព។
ថ្លែងក្នុងវេទិកានេះ លោក សោម ចំណាន បានគូសបញ្ជាក់អំពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ជំរុញការងារសមរម្យ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ រួមទាំងអ្នកធ្វើការក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានទុកចោល៕
ដោយ៖តារា










