ខេត្តកណ្តាល÷អតីតទណ្ឌិតម្នាក់ដែលទើបតែចេញពីពន្ធនាគារព្រៃសបានមួយរយៈ មិនរាងចាលបែរជាមកធ្វើសកម្មភាពជួញដូរថ្នាំញៀនបន្តទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានសម្រេច រួមជាមួយបក្ខពួក ២នាក់ ផ្សេងទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទី១ នៅវេលាម៉ោង ១និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ កុម្ភៈ ២០២៦ និងដំណាក់ កាលទី២ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុកស្អាងឲ្យដឹងថា ជនសង្ស័យទាំង ៣ នាក់ ដែលឃាត់ខ្លួន រួមមាន១.ឈ្មោះម៉េត ទិត្យ ភេទ ប្រុស អាយុ២៤ឆ្នាំ,២.ឈ្មោះ ធី ម៉េងលី ភេទប្រុស អាយុ ២២ ឆ្នាំនិង ៣.ឈ្មោះ ផូ គឹមហ៊ ហៅពេជ ភេទប្រុស អាយុ ២៦ឆ្នាំ។ ក្នុងនោះឈ្មោះ ផូ គឹមហ៊ គឺជាមុខ សញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ៣ឆ្នាំ (ពីឆ្នាំ២០២២ ដល់ ២០២៥) ពីបទលួច។ អ្នកទាំងបីមានទីលំនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានទាំងអស់។
លោកមេបញ្ជាការបានបន្តថា នៅវេលាម៉ោង ១និង១៥ នាទី រំលងអធ្រាត្រ កម្លាំងល្បាតរបស់អាវុធហត្ថស្រុកស្អាង បានប្រទះឃើញជនសង្ស័យឈ្មោះ ម៉េត ទិត្យ និងឈ្មោះ ធី ម៉េងលី កំពុងឈរនៅលើផ្លូវបេតុងក្នុងភូមិទួលក្តី ក៏ឃាត់សាកសួរនិងឆែកឆេររកឃើញថ្នាំញៀន ១កញ្ចប់ តូច ក្នុងហោប៉ៅរបស់ឈ្មោះ ធី ម៉េងលី។ ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះខ្លួនទិញពីឈ្មោះ ផូ គឹមហ៊ ក្នុងតម្លៃ ១ម៉ឺនរៀល។
លោកមេបញ្ជាការបានបញ្ជាក់ថា ក្រោយទទួលបានចម្លើយសារភាព និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានបន្តនីតិវិធីរហូតដល់ម៉ោង ១០និង៣០នាទី ព្រឹក ក៏ឈានទៅឃាត់ខ្លួនឈ្មោះ ផូ គឹមហ៊ បានម្នាក់ទៀតនៅចំណុចផ្លូវបេតុង ក្នុងភូមិថ្កុល។ ឈ្មោះនេះបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីបុរសមិនស្គាល់ឈ្មោះនៅផ្លូវបេតុងជិតវត្តតាលន់ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកមកលក់បន្ត។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ១កញ្ចប់ តូច និងទូរស័ព្ទ ២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










