ភ្នំពេញ ៖ មុខងារស្នូលទី១ របស់ក្រសួងព័ត៌មានគឺដឹកនាំនិងគ្រប់គ្រងវិស័យសោតទស្សន៍កម្ពុជា ដោយមានមុខងារស្នូលរង ៦ និងមុខងារស្នូលទី២ គឺដឹកនាំនិងសម្របសម្រួលដឹកនាំការអនុវត្តទំនាក់ទំនងសាធារណៈជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានមុខងារស្នូលរងចំនួន ៤ ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា ៖ ក្រោយពីអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានត្រូវបានចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥, យោងតាមនីតិវិធីមន្ត្រីរាជការក្រោមរចនាសម្ព័ន្ធរបស់ក្រសួងតម្រូវឱ្យមានការ តែងតាំងឡើងវិញស្របតាមអនុក្រឹត្យថ្មី មុខងារ និងភារកិច្ចថ្មី។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំបានចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការក្រសួងព័ត៌មាន ដោយបានបង្ហាញពីអនុក្រឹត្យលេខ ២១៧ របស់ក្រសួងព័ត៌មាន និងបានណែនាំលើការអនុវត្តភារកិច្ច និងពង្រឹងវិន័យ វិជ្ជាជីវៈ និងពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលការងារស្របតាមមុខងារក្រសួងដែល បានកំណត់ក្នុងអនុក្រឹត្យថ្មី។ មុខងារស្នូលទី១ របស់ក្រសួងព័ត៌មានគឺដឹកនាំនិងគ្រប់គ្រងវិស័យសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ដោយមានមុខងារស្នូលរង ៦ និងមុខងារស្នូលទី២ គឺដឹកនាំនិងសម្របសម្រួលដឹកនាំការអនុវត្តទំនាក់ទំនងសាធារណៈជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានមុខងារស្នូលរងចំនួន ៤ ៕
ដោយ ៖ សិលា










