សម្តេច ហេង សំរិន គាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំត្រីភាគីប្រមុខដឹកនាំបក្ស កម្ពុជា-វៀតណាម-ឡាវ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍដោយចិរភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា ។

សម្តេចចក្រី បានអបអរសាទរចំពោះ លោក តូ ឡឹម ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ សម្តេច ក៏បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែល បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយភាពសម្បូណ៌រុងរឿង និងជឿនលឿនយ៉ាងឆាប់រហ័ស ជាពិសេស ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងការធ្វើកំណែទម្រង់ថ្មីៗ របស់ឯកឧត្តមអគ្គលេខាធិការផ្ទាល់។

លោក តូ ឡឹម បានថ្លែងអំណរគុណសម្តេចចក្រី ដែលបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ លោកមានប្រសាសន៍ថា លោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាពេលនេះ ក៏ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២ គឺកិច្ចប្រជុំប្រមុខដឹកនាំបក្សត្រីភាគី កម្ពុជា-វៀតណាម-ឡាវ និងកិច្ចប្រជុំទ្វេភាគីរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

លោកអគ្គលេខាធិការ ក៏បានសម្តែងការដឹងគុណចំពោះសម្តេចចក្រី ដែលជាឥស្សរជនជាន់ខ្ពស់មួយរូប ក្នុងការពូនជ្រុំទំនាក់ទំនងជាប្រពៃណីដ៏ស្អិតរមួតរវាងកម្ពុជា-វៀតណាម។ សព្វថ្ងៃនេះ កម្ពុជា-វៀណាម បានបន្តនូវទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ និងមានចំណងមិត្តភាពប្រកបដោយទំនុកចិត្តខ្ពស់បំផុត រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំត្រីភាគី កម្ពុជា-វៀតណាម-ឡាវ ក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងបី ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍដោយចីរភាព សម្រាប់ជា ប្រយោជន៍ប្រជាជននៃប្រទេសទាំងបី។

កិច្ចប្រជុំនេះ មិនត្រឹមតែជួយពង្រឹងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីប៉ុណ្ណោះទេ គឺថែមទាំងរួម ចំណែកដល់ការជំរុញថែរក្សាសន្តិភាព សាមគ្គីភាព សន្តិសុខក្នុងតំបន់ និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរជាតិ និងភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និងផុយស្រួយ។

សម្តេចអគ្គមហាពញាចក្រី ថែមទាំងបានជំរុញឱ្យប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ សម្រេចបានសមិទ្ធផលថ្មីបន្ថែមទៀត ជាពិសេស ការដោះស្រាយ បញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយ តំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ។

ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជឿជាក់យ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្ត គាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ទាំងក្នុង ក្របខណ្ឌបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជន រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតថែមទៀត ដើម្បីបន្តធ្វើជាស្ពានតភ្ជាប់សម្រាប់យុវជន និងអ្នកដឹកនាំជំនាន់ក្រោយ ធ្វើការថែរក្សា និងពូនជ្រុំជាបន្តបន្ទាប់ និងជានិច្ចនិរន្តរតទៅ។

ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំវៀតណាមគ្រប់រូប និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម មានសុភមង្គល និង វឌ្ឍនភាពរុងរឿងជានិច្ចនិរន្តរ៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print