ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាស​អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A​ និងសិស្សបច្ចេកទេសវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។​ នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ​មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង​ចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ទាំងជាង១២ម៉ឺននាក់ ដែលបានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ ហើយកាន់តែពិសេសទៅទៀតនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សទាំង​ ៣០២០ដែលបានជាប់និទ្ទេសA។

-​សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តវិភាជថវិកាបន្ថែមសម្រាប់វិស័យអប់រំ តាមរយៈពង្រាយគ្រូបង្រៀនបន្ថែម វិក្រឹតការ និងជំនាញជាច្រើនទៀតដល់គ្រូ អ្នកគ្រូ។

-សម្តេចធិបតី ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង អប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណាឲ្យកុមារបានរៀនសូត្រយ៉ាងតិច៩ឆ្នាំ ក្នុងបរិស្ថានល្អ ។

-សម្តេចធិបតី បានប្រកាសថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានរួមកម្លាំងគ្នាជួយដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ក្រោយការឈ្លានពានរបស់ថៃ ខណៈសកម្មភាពនេះ គឺជាកម្លាំងមហាសាមគ្គីមួយក្នុងស្មារតីខ្មែរតែមួយ។

-សម្តេចធិបតី បានប្រកាសជាថ្មីម្តងទៀតថា បូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

-សម្តេចធិបតី បានប្រកាសថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។

-សម្តេចធិបតី បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិនោះ។

-សម្តេចធិបតី បានប្រកាសថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះ។

-សម្តេចធិបតី បានប្រកាសថា ទោះស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។

...

– សម្ដេចធិបតី បានថ្លែង​ថា គ្រប់ក្រសួង ស្ថាប័ន និងគ្រប់វិស័យទាំងអស់ ត្រូវខិតខំដើរទៅមុខ កាន់តែលំបាក កាន់តែខិតខំ ដើម្បីដឹកនាំប្រទេសជាតិយើងដើរទៅមុខ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print